ប្រទេសប៉ូឡូញ ៖ Crooked Forest គឺជាឈ្មោះដើមឈើមួយប្រភេទមានរាងកោងខ្លាំង ដែលបានដុះនៅកណ្តាលព្រៃក្នុងភូមិមួយឈ្មោះ Nowe Czarnowo ប្រទេសប៉ូឡូញ ។ ព្រៃឈើមួយកន្លែងនេះមានដើមឈើប្រមាណ៤០០ដើម ដែលផ្នែកខាងក្រោមរបស់ដើមឈើទាំងអស់សុទ្ធតែមានសភាពខុសធម្មតា គឺកោងខ្លាំងនៅត្រង់គល់ ហើយភ្ញៀវទេសចរហៅដើមឈើទាំងនេះថា ដើមឈើចេះអង្គុយ ។.jpg)
ហេតុនេះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះ ពីព្រោះបើពិនិត្យមើលយូរទៅឃើញថា ដើមឈើទាំងនេះកំពុងតែអង្គុយនៅលើដីដូចមនុស្សដែរ ។
អ្នកស្រាវជ្រាវពុំទាន់អាចសន្និដ្ឋានបានថា ហេតុអ្វីទើបដើមឈើ Crooked Forest មានសភាពកោងខ្លាំងបែបនេះទេ ។ ប៉ុន្តែមនុស្សមួយចំនួនលើកហេតុផលថា វាជាបាតុភូតធម្មជាតិដែលបង្កឡើងដោយសារទំនាញផែនដី ឬកើតឡើងដោយសារខ្យល់ព្យុះព្រិលដែលបោកបក់សង្កត់លើវាក្នុងពេលណាមួយ ទើបធ្វើឱ្យវាមានសភាពកោងខ្លាំង ហើយវានឹងដុះលូតលាស់តាមធម្មតាវិញ ក្រោយពេលអស់ព្យុះព្រិល ។
ចំណែកមនុស្សខ្លះទៀតសន្និដ្ឋានថា ដើមឈើកោងខ្លាំងបែបនេះ ដោយសារក្នុងអំឡុងពេលមុនសង្គ្រាមលោកលើកទី២ រថក្រោះរបស់ប្រទេសសូវៀតបានបើកសង្កត់លើដើមឈើទាំងនេះ ។ ដូច្នេះ ទើបធ្វើឱ្យដើមឈើដុះលូតលាស់មានសភាពខុសប្លែកពីដើមឈើផ្សេងទៀត ។
ក្រៅពីនេះ មានមតិខ្លះលើកឡើងថា វាកើតឡើងដោយសារពួកជាងឈើបានពត់ដើមឈើទាំងនេះសម្រាប់ធ្វើគ្រឿងសង្ហារិមលក់ ប៉ុន្តែសំណាងអាក្រក់ ពួកជាងឈើបានស្លាប់មុនពេលដើមឈើធំ ។
បច្ចុប្បន្ន ដើមឈើកោងនៅភូមិ Nowe Czarnowo ប្រទេសប៉ូឡូញ បានក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏ល្បីល្បាញនៅលើពិភពលោក និងមានភ្ញៀវទេសចរច្រើននាក់ចូលចិត្តមកថតរូបនៅទីនេះ ៕










