ប្រទេសកូរ៉េខាងត្បូង ៖ មនុស្សភាគច្រើនស្ត្រេសក្នុងការងារ ឬតានតឹងផ្លូវចិត្តខ្លាំងជាមួយបញ្ហាផ្សេងៗដែលចេះតែកើតឡើងក្នុងជីវិត រហូតដល់ពេលខ្លះ ពួកគេគ្មានវិធីដោះស្រាយទេ ។ ហេតុនេះ គុ.ក ក្លែងក្លាយត្រូវបានគេបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ និងអាចជួយសម្រួលផ្លូវចិត្តផងដែរ បើទោះជាវិធីនេះប្លែកបន្តិច ប៉ុន្តែវាបានកើតឡើងរួចហើយនៅប្រទេសកូរ៉េខាងត្បូង ។
ប្រទេសកូរ៉េខាងត្បូងបានបង្កើតគុកក្លែងក្លាយមួយឈ្មោះថា «គុកសេរីភាព» ដែលអ្នកជាប់គុកនៅទីនេះនឹងទទួលបានការផ្តល់សេវាកម្មប្លែកៗ ហើយធានាថា ពេលចេញពីគុកវិញ ពួកគេនឹងអាចកាត់បន្ថយការតានតឹងផ្លូវចិត្តអស់ជាមិនខាន ថែមទាំងទទួលបានវិញ្ញាបនបត្រទៀតផង ។
គុកសេរីភាពនេះស្ថិតនៅទីក្រុង Hongcheon ដែលបង្កើតឡើងដើម្បីជួយសង្គ្រោះមនុស្សម្នាទាំងឡាយដែលកំពុងតែអស់សង្ឃឹមក្នុងជីវិត, ចុះចាញ់, ធុញទ្រាន់ និងអស់ថាមពលធ្វើការ ដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្ងប់ និងដោះស្រាយបញ្ហាក្នុងជីវិតឡើងវិញ ។
នៅផ្នែកខាងក្នុងគុកសេរីភាពនេះ គឺមានបន្ទប់ឃុំឃាំងសរុបចំនួន២៨បន្ទប់ ហើយបន្ទប់នីមួយៗមានទំហំតូចល្មម និងមានបន្ទប់ទឹកក្នុងនោះផងដែរ ។ ប៉ុន្តែបន្ទប់ឃុំឃាំងទាំងនេះគ្មានកញ្ចក់ និងគ្មាននាឡិកាទេ ។
ក្នុងបន្ទប់ឃុំឃាំងរបស់គុកសេរីភាព គឺមានលក្ខណៈដូចគ្នានឹងគុកពិតប្រាកដដែរ ដូចជា ៖ មានត្រឹមតែតុតូចមួយ, សៀវភៅសរសេរ, កាំសៀវឆុងទឹកតែ និងកម្រាលសម្រាប់សម្រាក ។ រីឯម្ហូបអាហារនៅក្នុងគុកនេះវិញ គឺសមរម្យ និងសាមញ្ញ ដូចជា ៖ ដំឡូងចំហុយ និងនំផ្លែចេក ។
បើទោះវាជាគុកក្លែងក្លាយក្តី ប៉ុន្តែអ្នកទោសនៅទីនេះត្រូវតែគោរពច្បាប់យ៉ាងតឹងរ៉ឹង គឺគ្រប់គ្នាត្រូវស្លៀកពាក់ឯកសណ្ឋានអ្នកទោសជានិច្ច ។ លើសពីនេះ ពួកគេគ្មានសិទ្ធិលេងទូរស័ព្ទដៃ និងហាមជជែកជាមួយអ្នកទោសផ្សេងទៀតដាច់ខាត ។ នេះអាចនិយាយបានថា បើបានជាប់គុកនៅទីនេះ អ្នកនឹងបានចំណាយពេលវេលាជាមួយខ្លួនឯងយ៉ាងពេញលេញបំផុត ។
នៅពេលដល់ថ្ងៃដោះលែងឱ្យចេញពីគុក អ្នកទោសគ្រប់រូបនឹងទទួលបានវិញ្ញាបនបត្រទុកដាស់តឿនសតិថា ពេលមួយ ពួកគេធ្លាប់បាននៅដាច់ដោយឡែកពីសង្គម ដែលសម្បូរទៅដោយភាពរញ៉េរញ៉ៃ ។ ពលរដ្ឋកូរ៉េខាងត្បូងដែលបានសាកល្បងជាប់គុកនៅទីនេះប្រាប់ថា ពួកគេទទួលបាននូវបទពិសោធន៍ថ្មីមួយ ហើយការធ្វើជាអ្នកទោសអាចល្អប្រសើរជាងការអង្គុយធ្វើការពេញមួយថ្ងៃ បើទោះជាមន្ត្រីគុកបានប្រមូលទូរស័ព្ទដៃពីពួកគេក្តី ៕










