កញ្ញា ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្មបារមី បានលេចវត្តមាននៅកម្រាលព្រំក្រហមភាពយន្តអន្តរជាតិទីក្រុងកាន ប្រទេសបារាំងជាមួយកញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី ស្ថាបនិក បុណ្យភូមិ។ ឆ្នាំនេះសិល្បករ សិល្បការិនី កាន់តែមានច្រើននាក់នៅលើកម្រាលព្រំដ៏ធំនេះ។.png)
អាចនិយាយបានថានេះជាលើកទី១ហើយដែលអ្នកគាំទ្របានឃើញកញ្ញា ឡូរ៉ា ម៉ម លេចវត្តមាននៅក្នុងព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមហោស្រពភាពយន្តកានលើកទី៧៧ ខណៈឆ្នាំនេះជាជំហានថ្មីមួយសម្រាប់ប្រទេសកម្ពុជាដែលកម្មវិធីនេះកាន់តែបើកទូលាយសម្រាប់សិល្បករសិល្បការិនីបានចូលរួមកាន់តែច្រើនជាងឆ្នាំកន្លងទៅ។ កាលពីយប់ថ្ងៃទី១៩ ឧសភា ម៉ោងនៅកម្ពុជា កញ្ញា ឡូរ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអារម្មណ៍មានមោទនភាពចំពោះកញ្ញា លំអរពេជ្រ ក្រោមគម្រោង Directors’ Factory 2024។
នាយកប្រតិបត្តិបារមី បានឱ្យដឹងថា«នេះជាមោទនភាពដ៏ធំមួយដែលខ្ញុំមានសម្រាប់ លំអរពេជ្រ (យូគី) ដែលបានសម្រេចនូវសមិទ្ធផលមួយជាមួយនឹងឆន្ទៈ និងការខិតខំប្រឹងប្រែងដែលយូគីតែងមានរហូតមក។ មិនមានអីដែលរំភើបជាងពេលដែលឃើញការប្រកាន់ភ្ជាប់នូវឆន្ទៈមួយនេះហើយ ដែលដើរសម្តៅទៅឈោងចាប់គោលដៅតាមក្តីស្រមៃដែលតែងតែប៉ងកន្លងមករបស់នាង។ ក៏ចង់អរគុណដូចគ្នាទៅកាន់ Suelbee Studio សម្រាប់ការរៀបចំឈុតអាវធំដ៏ស្រស់ស្អាតមួយនេះ ពីនារី៣នាក់ មកពីវិស័យ៣ផ្សេងគ្នា។ ភាពយន្ត តន្ត្រី ម៉ូតសម្លៀកបំពាក់
វាជាបទពិសោធន៍ថ្មីមួយដែលមានវត្តមាននៅ Cannes Film Festival ក្រោមគម្រោង Directors’ Factory 2024 នៅទីក្រុងកាន ប្រទេសបារាំង ជាមួយនឹងការបញ្ចប់ខ្សែភាពយន្តខ្លីរបស់យូគី ហើយក៏រំភើបផងដែរដែលបានចូលរួមក្នុងនាមជាផលិតករទីមួយ Lead Producer សម្រាប់គម្រោងបន្ទាប់ ជាខ្សែភាពយន្តខ្នាតធំ រឿង «រំដួល» ជាមួយយូគី Director ដែលសង្ឃឹមយ៉ាងខ្លាំងថាវានឹងក្លាយជាសមិទ្ធផលថ្មីមួយសម្រាប់វិស័យភាពយន្តកម្ពុជា»។
គួរបញ្ជាក់ថា ក្រៅពីអ្នកទាំងពីរលេចវត្តមាននៅកម្រាលព្រំក្រហមនេះក្នុងគម្រោងភាពយន្តសម្រាប់សិល្បការិនី ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ អ្នកជំនួញម៉ាដាមដា ក៏មានវត្តមានក្នុងព្រឹត្តិការណ៍ដូចគ្នា៕










