ប្រទេសមីយ៉ាន់ម៉ា ៖ មីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានទាក់ទាញភ្ញៀវទេសចរតាមរយៈតំបន់បុរាណជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដូចជា ៖ ទីក្រុងចាស់ Bagan ដែលមានឈ្មោះល្បីល្បាញនៅលើពិភពលោក ថា ជាទីក្រុងសម្បូរទៅដោយចេតិយបុរាណ ។ ប៉ុន្តែតើយើងជ្រាបទេថា ប្រទេសមីយ៉ាន់ម៉ាមានព្រៃចេតិយមួយកន្លែងទៀតមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកភ្ញៀវទេសចរ មិនចាញ់ទីក្រុងចាស់ Bagan ប៉ុន្មានទេ ។ តើព្រៃចេតិយនេះមានទីតាំងស្ថិតនៅកន្លែងណា និងមានអាយុកាលប៉ុន្មានឆ្នាំ?
ព្រៃចេតិយនេះត្រូវបានគេស្គាល់ឈ្មោះថា «Kakku Pagoda» មានទីតាំងស្ថិតនៅទីក្រុង Taunggyi រដ្ឋ Shan ដែលស្ថិតនៅក្បែរបឹងអ៊ីនឡេអាន់ ដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព្រៃចេតិយ Kakku Pagoda ក៏ជាកន្លែងរស់នៅរបស់ពួកជនជាតិដើមប៉ាអូ ផងដែរ ។
បច្ចុប្បន្ន ជនជាតិដើមប៉ាអូ បានធ្វើជាមគ្គុទ្ទេសក៍ទេសចរផ្តល់ចំណេះដឹងផ្សេងៗដល់ភ្ញៀវទសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រៃចេតិយនេះ ។ Kakku Pagoda មានភាពល្បីល្បាញនៅត្រង់សម្បូរទៅដោយចេតិយបុរាណសាងសង់នៅជិតៗគ្នាជាច្រើន ខណៈផ្នែកខាងក្នុងចេតិយមានព្រះពុទ្ធបដិមា១អង្គគង់នៅក្នុងនោះ ។
ក្នុងចំណោមចេតិយទាំងនេះ គឺមានចេតិយខ្លះមានកម្ពស់រហូតដល់ជាង៤០ម៉ែត្រ ដែលបានសង់ឡើងនៅលាយឡំជាមួយចេតិយតូចៗ ។ វាបានក្លាយជារូបភាពមួយគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ឬអាចនិយាយបានថា គឺជាព្រៃចេតិយ ។
ភ្ញៀវទេសចរបរទេសម្នាក់ដែលបានធ្វើដំណើរមកកាន់ទីនេះនិយាយថា វាពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ហើយខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានមកឃើញទីនេះដោយផ្ទាល់ភ្នែក ។ វាជាព្រៃចេតិយលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ហើយនៅពេលរូបភាពចេតិយឆ្លុះគ្នាជាមួយផ្ទៃទឹកបឹង វាកាន់តែមានរូបភាពស្អាតខ្លាំងឡើង ។
បើតាមឯកសារបញ្ជាក់ថា ព្រៃចេតិយឈ្មោះ Kakku Pagoda មានអាយុកាលជាង២.០០០ឆ្នាំ និងបានកសាងឡើងតាំងពីដើមសតវត្សទី៣ ក្នុងសម័យព្រះមហាក្សត្រ ព្រះនាម អសោក មហារាជ ដែលបានបញ្ជាឱ្យគេកសាងចេតិយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ រីឯចេតិយមានទំហំធំបំផុត គេជឿថា បានកសាងដោយព្រះមហាក្សត្រ១អង្គ ដែលគ្រប់គ្រងនៅទីក្រុងចាស់ Bagan កាលពីសតវត្សទី១២ ហើយព្រះអង្គគោរពព្រះពុទ្ធសាសនា ។
ចេតិយត្រូវបានកសាងឡើងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស នៅសតវត្សទី១៧ និងទី១៨ រហូតដល់មានចំនួនច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ នៅលើកំពូលចេតិយនីមួយៗបានតុបតែងលម្អដោយកណ្តឹងយ៉ាងស្រស់ស្អាត ដើម្បីបញ្ជាក់ពីនិមិត្តរូបនៃយុគសម័យថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ៕










