វីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញអ្នកសារព័ត៌មានសម្ភាស អ៊ីណូ នៅលើស្ពានមួយដែលមានអ្នកទៅលោតទឹកសម្លាប់ខ្លួន ស្មានថាតារាចម្រៀងរូបនេះចង់បញ្ចប់ជីវិតរបស់ខ្លួនដោយសារតែជំពាក់បំណុលរាប់ម៉ឺនដុល្លារទៅហើយតាមពិតគ្រាន់តែជាការសម្តែងក្នុង MV ថ្មីសោះ។
ទស្សនិកជនមួយចំនួនធំជ្រាបមកហើយកាលពីកន្លងទៅនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ លោកអ៊ីណូ ទម្លាយរឿងឯកជនភាពរបស់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារពីកម្ចីអនឡាញចិនដោយសារតែរកស៊ីខាតឡុងចុង។ ការលាតត្រដាងនេះគឺលោកចង់សុំឱ្យម្ចាស់បំណុលយោគយល់កុំខលមកគំរាមលោកព្រោះលោកភ័យខ្លាច ខណៈក្នុងមួយថ្ងៃលោកត្រូវចំណាយសងការប្រាក់ជាង១០០០ដុល្លារ។ ការបញ្ជាក់ថាលោកជំពាក់បំណុលរាប់ម៉ឺនដុល្លារនេះលោកអះអាងយ៉ាងច្បាស់លាស់ថាខ្លួនមិនបានផុងខ្លួនលេងល្បែងនោះទេ។
ក្រោយពី អ៊ីណូ ទម្លាយរឿងនេះជាសាធារណៈដើម្បីឱ្យក្រុមហ៊ុនឃើញទុក្ខលំបាករបស់លោកហៅលោកទៅច្រៀងតារាចម្រៀងរូបនេះទទួលបានការងារពីភរិយារបស់តារាចម្រៀង កែវ វាសនា ក្នុងការប្រម៉ូតផលិតផល ខណៈអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជួយជាថវិកាផងដែរ។ មួយរយៈក្រោយមក អ៊ីណូ ក៏បង្ហាញពីទុក្ខកង្វល់របស់ខ្លួនម្តងទៀត។
អ្វីដែលធ្វើឱ្យអ្នកគាំទ្របុកពោះនឹកស្មានថា អ៊ីណូ ចង់បញ្ចប់ជីវិតនៅលើស្ពាននោះបន្ទាប់ពីមានវីដេអូបង្ហោះនៅលើបណ្តាញសង្គមឃើញអ្នកសារព័ត៌មានសម្ភាសអ៊ីណូក្នុងរូបភាពដោយការអស់សង្ឃឹមដែលមហាជននឹកស្មានថាការចង់លោតទឹកសម្លាប់ខ្លួនរបស់ អ៊ីណូ គ្មានអ្វីក្រៅពីលោកជំពាក់បំណុលនោះទេ។
យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រនាំគ្នាភ័យបុកពោះចំពោះអ៊ីណូ ចង់បញ្ចប់ជីវិតខ្លួននោះមិនមែនជាការពិតនោះទេ វីដេអូដែលបង្ហាញក្នុងបណ្តាញសង្គមគ្រាន់តែជាមួយផ្នែកក្នុង MV របស់លោកតែប៉ុណ្ណោះ៕










