ដោយសង្កេតឃើញថា កាលពីពេលកន្លងទៅនេះ នៅជុំវិញតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ខេត្តពោធិ៍សាត់ បានទទួលរងនូវការឈូសឆាយដើម្បីអភិវឌ្ឍខ្លះៗដែរ ដែលជាហេតុបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងនៅក្នុងចំណោមមហាជននៅក្នុងបណ្តាញសង្គម ពិសេសគឺចំពោះអ្នកដែលរស់នៅតំបន់នោះផ្ទាល់តែម្តង។ មតិដែលបានលើកឡើងថាគួរតែអភិរក្សភ្នំ១៥០០នេះទុក ដើម្បីជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទីនោះ ព្រោះវាជាតំបន់ធម្មជាតិដ៏កម្រនិងស្រស់ស្អាត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
បើនិយាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែងស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកំពុងតែលាក់ខ្លួន បង្អួតសម្រស់ធម្មជាតិដ៏ខៀវស្រងាត់ប្រៀបបាននឹងឋានសួគ៌ គួរជាទីគយគន់សម្រាប់ប្រជាជនកម្ពុជានិងជនបរទេសនោះប្រាកដណាស់ថាគេនឹងនឹកដល់ «តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០»។
ប្រវត្តិនៃការដាក់ឈ្មោះថា តំបន់ភ្នំ១៥០០ ដែលមនុស្សភាគច្រើនមិនសូវបានដឹងនោះតាមពិតគឺវាទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ ដែលគេហៅតាមផែនទីភូមិសាស្រ្តរបស់ទាហានកាលពីសង្គ្រាមជាមួយខ្មែរក្រហម និងហៅតាមការកំណត់កំពស់ភ្នំធៀបជាមួយនីវ៉ូទឹកសមុទ្រ តែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រប៉ុណ្ណោះ។
ជាមួយនឹងផ្លូវបត់បែនលូនឡើងលើភ្នំ ប្រៀបបាននឹងអន្ទង់អាំង ស្ថិតនៅចន្លោះកណ្តាលនៃជ្រលងភ្នំ១៥០០ ត្រូវបានគេស្គាល់ថាជា ផ្លូវបុប្ផាលាក់ខ្លួន ស្អាតប្លែកភ្លែក ខុសពីផ្លូវឡើងភ្នំដទៃៗទៀត ដែលវិស្វករនិងអ្នកជំនាញបានព្យាយាមស្ថាបនាផ្លូវមួយខ្សែមួយដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ទើបបង្កើតបានផ្លូវបត់បែនល្អឯកបែបនេះ។ ម៉្យាងវិញទៀត ភ្ញៀវទេសចរណ៍គឺអាចសំចតនៅទីតាំងណាក៏បានកាត់វាលស្មៅលើខ្នងភ្នំនេះ ប្រកបដោយសុវត្ថិភាពបំផុតផងដែរ។
នៅតាមផ្លូវធ្វើដំណើរ ភ្ញៀវទេសចរណ៍គ្រប់ៗរូបក៏អាចយល់ដឹងអំពីវប្បធម៌និងជីវភាពនៃការរស់នៅបែបសាមញ្ញៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ បន្ថែមតែពីសម្បូរដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់គ្របដណ្តប់លើផ្ទៃភ្នំ១៥០០នេះទាំងមូលហើយ អាកាសធាតុក៏អំណោយផលល្អជាពិសេសនាពេលរាត្រី ព្រមជាមួយនឹងជំនោរត្រជាក់និងសន្សើមព្រៃភ្នំ បង្កើតបានជាបរិយាកាសពិសេសៗដែលមិនអាចបំភ្លេចបានឡើយ។
ជាមួយគ្នាដោយផ្អែកតាមការលើកឡើងខាងលើ បើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គឺបានស្នើឱ្យមានសិក្សាដាក់តំបន់ជុំវិញ “ផ្លូវបុប្ផាលាក់ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្សធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិរយៈពេលយូរអង្វែង។
សម្តេចបានបន្តថា តំបន់ខាងលើនេះ ធ្លាប់មានការឈូសឆាយអភិវឌ្ឍខ្លះដែរ ដែលត្រូវពិនិត្យឡើងវិញ ដោយដោះស្រាយនូវការអភិវឌ្ឍទាំងនោះដាក់ជាតំបន់អភិរក្សធម្មជាតិទាំងសងខាងផ្លូវអន្ទង់អាំងនេះ សម្រាប់ជាតំបន់ទេសចរណ៍ ជូនប្រជាពលរដ្ឋក្នុងនិងក្រៅស្រុកផងដែរ៕










