នៅថ្ងៃទី១១ ខែឧសភា Aespa បានប្រកាសពីការពន្យារពេលនៃការប្រគំតន្ត្រីរបស់ខ្លួន ដែលដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ កន្លងមក ការប្រគំនេះទទួលបានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិត ជាពិសេសអ្នកគាំទ្រជនជាតិចិន ចំពោះការជ្រើសរើសកាលបរិច្ឆេទនេះរហូតគំរាមធ្វើពហិកាមិនទិញអាល់ប៊ុម។ ថ្ងៃទី ៧ ខែកក្កដា ត្រូវបានគេចាត់ទុកជាថ្ងៃកាន់ទុក្ខនៅប្រទេសចិន ព្រោះវាជាខួបនៃព្រឹត្តិការណ៍ពីសង្គ្រាមចិន-ជប៉ុន។
អ្នកគាំទ្រជនជាតិចិនរបស់ Aespa គ្រោងនឹងធ្វើពហិកាយ៉ាងខ្លាំងចំពោះអាល់ប៊ុមថ្មីរបស់ពួកគេជាពិសេស CHINA NINGNING Bar ដែលជាអ្នកគាំទ្រដ៏ធំបំផុតសម្រាប់សមាជិកជនជាតិចិនរបស់ Aespa គឺ Ningning បានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹង SM Entertainment និងទាមទារការផ្លាស់ប្តូរកាលបរិច្ឆេទ។ ជាចុងក្រោយ វាត្រូវបានប្រកាសថា ការសម្តែងថ្ងៃទី ៧ ខែកក្កដា របស់ aespa នឹងត្រូវបានពន្យារពេល ខណៈដែលកម្មវិធីថ្ងៃទី៦ ខែកក្កដា នឹងជំរុញទៅមុខតាមការគ្រោងទុក។
តាមសេចក្តីជូនដំណឹងបានឱ្យដឹងថានៅក្នុងការសម្តែងរបស់ Aespa នៅប្រទេសជប៉ុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទីក្រុង Fukuoka យើងបានទទួលនូវមតិជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបណ្តាញទំនាក់ទំនងផ្សេងៗផងដែរ។ ផលិតកម្ម SM Entertainment សមាជិក aespa និងបុគ្គលិករបស់យើងបានពិភាក្សាអំពីការប្រារព្ធកម្មវិធី aespa LIVE TOUR ឆ្នាំ ២០២៤ នៅប្រទេសជប៉ុនតាមរបៀបដ៏ល្អបំផុត ហើយបានសម្រេចចិត្តមិនរៀបចំការប្រគំតន្ត្រីនៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា។ យើងសូមអភ័យទោសដោយស្មោះចំពោះភាពរអាក់រអួលដែលបង្កឡើងសម្រាប់អ្នកគ្រប់គ្នាដែលទន្ទឹងរង់ចាំការសម្តែង។ ព័ត៌មានលម្អិតដូចជាថាតើការសម្ដែងជំនួសនឹងធ្វើឡើងឬអត់ និងរបៀបសងប្រាក់សំបុត្របច្ចុប្បន្នកំពុងត្រូវបានរៀបចំ ដូច្នេះយើងនឹងជូនដំណឹងដល់អ្នកម្តងទៀតភ្លាមៗនៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។ ការសម្តែងនៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។
គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមចម្រៀងស្រីកូរ៉េដ៏មានឥទ្ធិពលនៅជំនាន់ទី៤ជ្រកក្នុងទ្រនំ SM Entertainment។ ក្រុមនេះមានសមាជិក៤ នាក់ដោយ Karina និង Winter គឺជាជនជាតិកូរ៉េ សមាជិក Giselle គឺជាជនជាតិជប៉ុន និង Ningning គឺជាជនជាតិចិន៕










