សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងដំឡើងពន្ធរថយន្តអគ្គិសនី និងផលិតផលចិនគ្រប់ប្រភេទ ហើយគោលនយោបាយនេះស្របគ្នានឹងគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់ប្រកាសថា នឹងដំឡើងពន្ធខ្ពស់សម្រាប់ផលិតផលគ្រប់ប្រភេទនាំចូលពីចិន ។ តើចិននឹងឆ្លើយតបថាម៉េចវិញ ពេលអាមេរិកប្រកាសដំឡើងពន្ធផលិតផលបែបនេះ?
សារព័ត៌មានរ៉យទ័របានរាយការណ៍យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក២រូបមិនបញ្ចេញឈ្មោះថា លោក ចូ បៃដិន គ្រោងដំឡើងពន្ធលើផលិតផលចិននៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ រួមទាំងរថយន្តអគ្គិសនី, Semiconductor និងបន្ទះសូឡា ខណៈភាពតានតឹងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតែកើនឡើងជាបន្តបន្ទាប់ ។ មន្ត្រីរដ្ឋាភិបាលទាំង២រូបសន្និដ្ឋានថា ប្រធានាធិបតីអាមេរិកនឹងប្រកាសពីការដំឡើងពន្ធជាផ្លូវការនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ។.jpg)
ប្រភពព័ត៌មានឱ្យដឹងថា ចំណុចលម្អិតពាក់ព័ន្ធនឹងការប្រមូលពន្ធនេះពុំទាន់ច្បាស់លាស់ទេ ប៉ុន្តែអាមេរិកនឹងផ្តោតលើការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងសន្តិសុខជាតិ ។ លោក ចូ បៃដិន បានស្វែងរកវិធីដើម្បីឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក សម័យកាលទី២ ទើបលោកចេញគោលនយោបាយដើម្បីទទួលបានសំឡេងគាំទ្រ ឬទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីពលរដ្ឋអាមេរិក ។
ទោះយ៉ាងណា គោលនយោបាយនេះអាចធ្វើឱ្យចិនសងសឹកវិញ ខណៈទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរតានតឹងកាន់តែខ្លាំងឡើង ។ មុននេះ ពេលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីអាមេរិក លោកក៏បានប្រកាសដំឡើងពន្ធខ្ពស់លើផលិតផលចិនផងដែរ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ រហូតធ្វើឱ្យចិនសងសឹកវិញ ដោយការហាមឃាត់ផលិតផលអាមេរិក ។
លោក ចូ បៃដិន បាននិយាយជាច្រើនលើកថា អាមេរិកពុំចង់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិនទេ ហើយអាមេរិកចង់ប្រកួតប្រជែងដោយយុត្តិធម៌ច្រើនជាងជម្លោះ ។ កាលពីឆ្នាំ២០២២ លោក ចូ បៃដិន បានត្រួតពិនិត្យគោលនយោបាយសម័យលោក ដូណាល់ ត្រាំ ហើយនៅឆ្នាំ២០២៣ លោកក៏បានអំពាវនាវឱ្យដំឡើងពន្ធផលិតផលដែករបស់ចិន ។
លោក ចូ បៃដិន បានបញ្ជាឱ្យស៊ើបអង្កេតពីដំណើរការអាជីវកម្មរបស់ចិន ដូចជា ៖ ផ្នែកផលិតនាវា, ការបើកបរនាវា និង Logistics ដើម្បីដំឡើងពន្ធបន្ថែមទៀត ។ លើសពីនេះ ក្រុមការងាររបស់លោក ចូ បៃដិន បានដាក់សម្ពាធប្រទេសម៉ិកស៊ិកផងដែរ មិនឱ្យទទួលផលិតផលដែករបស់ចិន និងបញ្ជូនមកអាមេរិក ។ រីឯចិននិយាយថា ការដំឡើងពន្ធ និងការរារាំងពាណិជ្ជកម្មនឹងផ្តល់គុណវិបត្តិដល់ផ្នែកផលិត និងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ៕










