ប្រទេសចិន ៖ ហេតុការណ៍គួរឱ្យសោកសៅមួយបានកើតឡើង នៅពេលមហាជនបានស្តាប់ឮការរៀបរាប់របស់គ្រួសារ និងសាច់ញាតិអ្នកស្លា.ប់ ហើយមហាជនបន្ទោសថា គ្រូបង្រៀនពុំគួរអនុវត្តវិន័យតឹងរ៉ឹងលើសិស្សខ្លាំងពេកទេ ជាពិសេស សិស្សមានសុខភាពខ្សោយ ឬមានជំងឺប្រចាំកាយ គ្រូគួរតែយោគយល់ ។ ការបញ្ជា ឬបង្ខំឱ្យធ្វើអ្វីមួយធ្ងន់ធ្ងរពេក ដោយពុំស្តាប់ហេតុផលសិស្ស ចុងក្រោយ វានឹងក្លាយជាវប្បដិសារី និងគ្មានការទទួលខុសត្រូវ ហើយអ្នកដែលកើតទុក្ខបំផុត គឺក្រុមគ្រួសារអ្នកស្លា.ប់ ។
គ្រួសារ និងសាច់ញាតិរបស់និស្សិតពេទ្យ ឆ្នាំទី១ រៀននៅសាលាពេទ្យក្នុងខេត្តជីលីន និយាយថា ក្មួយស្រីរបស់ពួកគេបានស្លាប់ ក្រោយពីគ្រូបង្រៀនបង្ខំឱ្យនាងហាត់ប្រាណរាល់ថ្ងៃ បើទោះជាដឹងថា នាងមានជំងឺក្តី ។ នាងឈ្មោះ ចាវ មានជំងឺបេះដូងតាំងពីកំណើត ហើយពេលនាងចូលរៀននៅសាលាពេទ្យដំបូង នាងបានយកឯកសារមកឱ្យសាលាដើម្បីបញ្ជាក់ថា នាងមានជំងឺពិតប្រាកដមែន ហើយនាងបានទទួលការលើកលែងពីសាលាមិនឱ្យចូលរួមហាត់ប្រាណជាមួយមិត្តភក្តិ និងពុំចាំបាច់ចូលរួមសកម្មភាពផ្សេងទៀតដែលត្រូវបញ្ចេញកម្លាំង ។
ប៉ុន្តែគ្រូបង្រៀនរបស់នាង បែរជាមិនជឿថា នាងមានជំងឺក្នុងខ្លួន ហើយគ្រូក៏បង្ខំឱ្យនាងរត់ហាត់ប្រាណរហូតដល់នាងដួលសន្លប់បាត់ស្មារតី ។ ក្រោយមក ខាងសាលាក៏បញ្ជូននាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់ក្នុងរយៈពេល២ថ្ងៃបន្ទាប់ ។
អ៊ំស្រីរបស់និស្សិតពេទ្យជឿថា គ្រូបង្រៀនមានបំណងធ្វើបាបក្មួយស្រីរបស់គាត់ ។ គ្រូអាចមិនពេញចិត្ត ព្រោះក្នុងថ្ងៃបុណ្យឆេងម៉េងកន្លងមក គ្រូបានឱ្យក្មួយស្រីគាត់ទិញត្រីនៅរស់ ធ្វើជាកាដូឱ្យភរិយារបស់ខ្លួន ។ ប៉ុន្តែដោយសារមានបញ្ហាពេលដឹកជញ្ជូន ត្រីទាំងនេះបានងាប់អស់ពេលបញ្ជូនទៅដល់ផ្ទះគ្រូ ។
អ៊ំស្រីនិយាយថា ៖ «គ្រូខឹងនឹងក្មួយស្រីខ្ញុំយ៉ាងខ្លាំង ពេលត្រីងាប់អស់បែបនេះ ។ គ្រូនិយាយថា ឯកសារដែលបញ្ជាក់ថា ក្មួយស្រីខ្ញុំមានជំងឺបេះដូងនេះជាឯកសារក្លែងក្លាយ ទើបគ្រូបញ្ជាឱ្យក្មួយស្រីរត់ហាត់ប្រាណរាល់ថ្ងៃ ហើយគ្រូក៏ដកតួនាទីជាប្រធានថ្នាក់ពីក្មួយស្រីផងដែរ» ។
លើសពីនេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃដែលក្មួយស្រីគាត់សន្លប់ក្រោយពីរត់ហាត់ប្រាណរួច គ្រូរូបនេះបានហាមនិស្សិតផ្សេងទៀតមិនឱ្យចូលជិតក្មួយស្រីរបស់គាត់ទេ ហើយក៏ពុំព្រមទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ដែរ បែរជាទាក់ទងទៅកាន់ផ្នែកគ្រប់គ្រងសាលាទៅវិញ ។ មិត្តរួមថ្នាក់ម្នាក់និយាយថា ៖ «បើយើងព្យាយាមជួយនាងទាន់ពេលវេលាពីដំបូង នាងនឹងមិនបែបនេះទេ តែគ្រូមិនព្រមឱ្យយើងចូលទៅជិតនាងឡើយ» ។
ក្រោយកើតហេតុ អ្នកតំណាងសាលាពេទ្យនិយាយថា និស្សិតស្រីឈ្មោះ ចាវ បានស្លាប់ដោយសារជំងឺបេះដូង ប៉ុន្តែពុំបានបញ្ជាក់ពីបញ្ហាលម្អិតដែលបានកើតឡើងទេ គ្រាន់តែនិយាយថា សាលានឹងសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ៕










