ជឿជាក់ថា មនុស្សភាគច្រើនតែងតែប្រហែសនិងព្រងើយកន្តើយបញ្ហាផ្លូវដង្ហើម មិនថាជាការតឹងច្រមុះឬហ៊ាសំបោរ ដោយគិតថាវាគ្រាន់ជារោគសញ្ញាផ្តាសាយធម្មតាៗប៉ុណ្ណោះ។
ហេតុការណ៍ដ៏គួរឲ្យតក់ស្លត់និងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនារីម្នាក់នៅខេត្តឈៀងម៉ៃ ចេះតែមានអាការៈខុសប្រក្រតីទាក់ទងនឹងបញ្ហាផ្លូវដង្ហើម ដូចជាតឹងច្រមុះ ឈឺមុខ និងហូរឈាមច្រមុះជាញឹកញយ ស្រាប់តែទៅពិនិត្យ ទើបដឹងថាមានកូនដង្កូវរាប់រយក្បាលនៅក្នុងរន្ធច្រមុះរបស់នាង។ 
យោងតាមរបាយការណ៍របស់ The Mirror ស្ត្រីអាយុ ៥៩ ឆ្នាំរូបនេះបាន ចេះតែមានរោគសញ្ញា លំបាកក្នុងការដកដង្ហើម ថប់ណែនក្នុងច្រមុះ ដោយនាងបានសង្ស័យថាវាប្រហែលមកពីតែបញ្ហាធូលីនិងផ្សែងពុលច្រើនក្នុងតំបន់ខ្លួន។ ប៉ុន្តែការយល់ឃើញនេះគឺខុសទាំងស្រុង បន្ទាប់ពីពេលមួយនោះនាងបានហូរឈាមតាមច្រមុះ ខណៈក៏ប្រទះឃើញធ្លាក់កូនដង្កូវតូចៗចេញពីច្រមុះយ៉ាងគួរខ្ពើមរអើមនិងតក់ស្លុតបំផុត។
បន្ទាប់ពីហេតុការណ៍នេះ មិនបង្អង់យូរស្ត្រីខាងលើក៏បានទៅពិនិត្យនៅមន្ទីរពេទ្យ Nakornping ក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃភ្លាមៗ។ បន្ទាប់ពីថតកាំរស្មីអ៊ិចរួចមក វេជ្ជបណ្ឌិត បានប្រទះឃើញកូនដង្កូវងាប់យ៉ាងច្រើនបង្កប់ក្នុងច្រមុះនាង។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រសិនបើទុកយូរជាងនេះទៀត ដង្កូវទាំងនេះអាចនឹងឆ្លងរីករាលដាលទៅកាន់សរីរាង្គផ្សេងៗទៀត ដែលស្ថិតនៅជិតៗនោះ ដូចជាភ្នែក ឬខួរក្បាល បណ្តាលឱ្យពិការ និងអាចស្លាប់បាន។
.jpg)
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលកាលពីពេលកន្លងទៅ មនុស្សមួយចំនួនក្នុងប្រទេសថៃក៏បានជួបនូវបញ្ហាស្រដៀងៗនេះដែរ។ ប្រជាជននៅតំបន់ភាគខាងជើងនៃប្រទេសថៃ ដូចជាឈៀងម៉ៃ ត្រូវបានគេលើកឡើងថា ភាគច្រើនគឺងាយនឹងកើតជំងឺផ្លូវដង្ហើម ជាពិសេសអាឡែស៊ី និងរលាកច្រមុះ ដោយសារខេត្តនេះតែងប្រឈមនឹងបញ្ហាខ្យល់ពុលជាញឹកញយផងដែរ៕










