បន្ទាប់ពីមានវីដេអូមួយចែកចាយនៅលើបណ្តាញសង្គមពីពាក្យសម្តីដែលចេញពីបបូរមាត់តារាចម្រៀងសំឡេងផ្អែម ចេន នូវពាក្យ «ហែ.ង» បានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីបញ្ហានេះបានកើតឡើងនៅតាមដងផ្លូវ។ ជុំវិញភាពចម្រូងចម្រាសនេះ ចេន បានចេញមកបញ្ជាក់ពីរឿងនេះដោយបានអះអាងថាសុទ្ធតែមានហេតុផលនៅពីក្រោយ ខណៈបុរសនោះកាត់យកតែចំណុចខ្លួនឯងត្រូវ។
គណនីមួយឈ្មោះថា Long បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមដោយបង្ហាញពីឡានមួយដែលគេដឹងថាជាឡាននោះបានបើកបរដោយតារាចម្រៀង ចេន បានស៊ីផ្លេឡានរបស់គេ ខណៈបុរសនេះបានសួរថា ស៊ីផ្លេដាក់ពីណាគេ ខណៈសំឡេង ចេន បានតបវិញថា ចុចទូរសព្ទធ្វើអី ស៊ីផ្លេដាក់ហែង។ បន្ទាប់ពីវីដេអូនេះបានចែកចាយនៅលើបណ្តាញសង្គមបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំង អ្នកខ្លះក៏បានរិះគន់ ចេន ថាជាតារាសម្តីឈ្លើយ បើកបរគ្មានសីលធម៌ រួមទាំងមតិជាច្រើនទៀត។
យ៉ាងណាមិញ រឿងការបើកបរស៊ីផ្លេដាក់អ្នកដទៃអមដោយសម្តីឈ្លើយ និងចង់កៀរឡានគេបែបនេះ តារាចម្រៀង ចេន និងភរិយាបានចេញមុខ live កាលពីថ្ងៃទី៩ ឧសភា បកស្រាយពីបញ្ហាកើតឡើង។
ម្ចាស់បទ«ស្រដៀងសង្សារ» បាននិយាយថាបុរសនោះខ្លួនឯងខុសតែមិនទទួលស្គាល់កំហុសបែរជាចោទថាលោកខុសទៅវិញមិនដឹងថាគោលបំណងបុរសនោះដើម្បីតោងនរណាម្នាក់ដើម្បីការងាររកស៊ីឬយ៉ាងណាទេ។ ការចេញមុខបកស្រាយនេះ ចេន ថាដើម្បីការពារកិត្តិយសរបស់លោកបើនៅបន្តការស្ងាត់វាអាចប៉ះពាល់ដល់កិត្តិយសរបស់លោកដែរ។ 
ចេន ថាលោកឃើញវីដេអូដែលបុរសនោះកាត់យកកន្លែងត្រូវទាំងអស់ លោកជាបុគ្គលសាធារណៈចង់ធ្វើឱ្យគ្រប់គ្នាជេរលោកបើកឡានឈ្លើយ។ លោកថា ក្នុងឡានមានលោកនិងគ្រួសារលោកហើយឡានបើកយឺតបំផុត ប្រហែលកុងតឺ២០ ជិះស្របគ្នានៅទីតាំងមួយកន្លែង។
ចេន បានរៀបរាប់ថា ឡានមួយគូជិះស្របគ្នាឡាននោះជិះខាងស្តាំ ឡានរបស់លោកជិះខាងឆ្វេង ហើយឡាននោះត្រូវបត់មុនលោកទើបលោកបត់ទៅបាន ប៉ុន្តែបុរសនោះកំពុងចុចមើលទូរសព្ទដល់ភ្លឹកទាំងមិនខ្លួនឯងត្រូវបត់ស្តាំ ដល់ពេលលោកត្រូវបត់ ឡាននោះអត់បត់ លោកបត់ទៅចង់ទើសឡាននោះ។ តារាចម្រៀងរូបនេះបកស្រាយទៀតថា ពេលឡានលោកបត់ពេលចង់ប៉ះគ្នាលោកក៏ស៊ីផ្លេហើយក្នុងវីដេអូដែលបង្ហោះនោះ លោកក៏ស៊ីផ្លេតែម្តងដែរ ហើយការធ្វើដំណើរតាមដងផ្លូវប្រាកដជាមានការស៊ីផ្លេហើយ។
តារាចម្រៀង Original Song រូបនេះបានលើកឡើងទៀតថា បុរសនោះបានឈប់ឡានចាំលោកតែម្តងបើសិនបើកកញ្ចក់ហើយមិនមែនជាលោកប្រហែលបុរសនោះស្តីឱ្យគេទៅហើយព្រោះតែការមិនពេញចិត្តរឿងស៊ីផ្លេ។ ចេន ថាបុរសនោះបានឈប់ឡានចាំខ្លួនទើបលោកជិះឡានទៅរកបុរសនោះដែរហើយបើកកញ្ចក់មកបុរសនោះបាននិយាយថា បងឯងស៊ីផ្លេដាក់អ្នកណាគេ ហើយលោកបានតបវិញថា ស៊ីផ្លេដាក់ហែងហ្នឹង ព្រោះហែងបើកឡានចុចទូរសព្ទ។
ការនិយាយពាក្យសម្តីនេះ ចេន ថាដោយសារតែលោកឃើញសម្តីសម្តៅរបស់មនុស្សហ្នឹង លោកគឺជាមនុស្សម្នាក់មានការគោរពមានសុជីវធម៌ត្រឹមត្រូវ ក៏ប៉ុន្តែបុគ្គលណាប្រព្រឹត្តបែបណាលោកក៏នឹងធ្វើបែបនោះទៅវិញ មិនមែនសុខៗលោកទៅស្តីថាឱ្យគេនោះទេ គ្រប់យ៉ាងមានហេតុមានផល៕










