Home ព័ត៌មានអន្តរជាតិ យុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មីរបស់វៀតណាមគួរឱ្យចាប់អារម្មណ៍ខ្លាំង

យុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មីរបស់វៀតណាមគួរឱ្យចាប់អារម្មណ៍ខ្លាំង

53
0

ប្រទេសវៀតណាម ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបរទេសជាច្រើនបានសម្រេចចិត្តមកវិនិយោគនៅវៀតណាមក្នុងឧស្សាហកម្មផ្សេងៗ ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវិនិយោគិនបរទេសមិនអាចមើលរំលង ។ តើរដ្ឋាភិបាលវៀតណាមមានយុទ្ធសាស្ត្របែបណាខ្លះ ទើបអាចទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស?

លោក Tran Duy Dong រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគរបស់វៀតណាមបានថ្លែងក្នុងកិច្ចប្រជុំថា វៀតណាមមានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មី គឺការសហការជាមួយក្រុមហ៊ុនប្រកបអាជីវកម្មថ្មីៗ និងអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំរុញការច្នៃប្រឌិត ។ ការវិនិយោគទាំងអស់នេះនឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrrz1wel-ZFzl-mWocrfbU9bEf2qogiuL5qNnxyeAmDA8hIMrehsTny1LA9TzoPsm_dLxtN4y5eypD5cmLNpEkA1GAESiOeVC87JPQg4YEoRaqakw5FjtK8XUi2Iylfz_HLOWIGJEYjJm3UCjWafzWbrhiEt-wMWkao6SE7pJ3_SHvwyTn5m26k7uhnhI/s658/photo_2024-05-07_16-31-33.jpg

រីឯលោក Dao Thanh Tung អនុរដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគថ្លែងថា វៀតណាមបានសម្របខ្លួនដោយការអភិវឌ្ឍស្ថាប័ន, ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ដើម្បីទាក់ទាញការវិនិយោគពីបរទេសឱ្យបានច្រើន ជាពិសេស ឧស្សាហកម្មទំហំធំ ដូចជា ៖ អេឡិចត្រូនិក និង Semiconductors ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនបរទេស គឺផ្អែកលើកត្តាជាច្រើន រួមមាន ៖ ស្ថានការណ៍ទូទៅ, គោលបំណង, តម្រូវការ និងការត្រៀមខ្លួនរបស់វៀតណាម ។

ប្រទេសវៀតណាមបានកែលម្អគោលនយោបាយច្បាប់ យន្តការ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងបរិយាកាសអាជីវកម្ម និងការវិនិយោគ ព្រមទាំងពិចារណាពីយន្តការជាក់លាក់ និងលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យា, Semiconductor, អេឡិចត្រូនិក និងបន្ទះឈីប ។ វៀតណាមបានកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អបំផុត ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស រហូតដល់គម្រោងអគ្គិសនី និងការអភិវឌ្ឍតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZ8lSntpxrV3cDQAbtILQmVThnBlnSLE6a4y794oRUMLRocUQenalS5CSdkA9VurV_HH_dzVsFl1D84qWxqAqu_MZCboSNgOwpU6IKHyrxpYRaCYn9vWIOaTSDAWapwhoVH3PxbFaC54lNwyQyHWXRFht0N8AToxJgH7k0E9mwdcYrGKhdBGPYd11Cjc/s620/photo_2024-05-07_16-31-36.jpg

ក្រៅពីនេះ វៀតណាមបានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញដល់កម្លាំងពលកម្មក្នុងស្រុកជាបន្តបន្ទាប់ ព្រមទាំងបណ្តុះបណ្តាលវិស្វករចំនួន៥ម៉ឺននាក់ សម្រាប់ឧស្សាហកម្ម Semiconductor ។ ក្រុមហ៊ុនបរទេសបានផ្តល់ភាពសំខាន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍឧស្សាហកម្ម Semiconductor និងបន្ទះឈីប ហើយក្រុមហ៊ុនដែលមកវិនិយោគនៅវៀតណាម រួមមាន ៖ ក្រុមហ៊ុនអាមេរិក, ជប៉ុន, កូរ៉េខាងត្បូង និងតៃវ៉ាន់ ។

យោងតាមរបាយការណ៍ការវិនិយោគផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិត ប្រចាំឆ្នាំ២០២៤ ដែលផ្សព្វផ្សាយក្នុងកម្មវិធី «Vietnam Innovation Forum 2024» បញ្ជាក់ថា វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្នែកទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគនៅវៀតណាម ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ និងឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUMiAvomUPHcSRuy3ARgjaUzv64Hq5BRMl2DGDwng5FXhH3sycYQm2anobNO4hjzirNuNM3dTuM7RTjie-RbuKD-PXCV0_pRU3WSPZqGq8ElDmvOa_xkGoZ9VATuuy0ncmY2ZmB-LoY3HYiJ7gT31txMGvIRU1JP90fWwDSAqhr1OurHR52-griKRSN7M/s1260/photo_2024-05-07_16-31-39.jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ទឹកប្រាក់វិនិយោគសរុបរបស់បណ្តាក្រុមហ៊ុនបើកអាជីវកម្មថ្មីនៅប្រទេសវៀតណាម គឺស្មើនឹង៥២៩លានដុល្លារអាមេរិក ធ្លាក់ចុះ១៧% បើធៀបនឹងឆ្នាំ២០២២ ។ រីឯផ្នែកថែទាំសុខភាពបានទទួលទឹកប្រាក់វិនិយោគពីបរទេសច្រើនបំផុត គឺកើនឡើង៣៩១% បើធៀបនឹងឆ្នាំ២០២២ ខណៈផ្នែកអប់រំ ក៏ទទួលបានទឹកប្រាក់វិនិយោគពីបរទេសច្រើនផងដែរ គឺកើនឡើង១០៧% បើប្រៀបធៀបប្រចាំឆ្នាំ ៕