តាមធម្មតា នៅពេលរៀបអាពាហ៍ពិពាហ៍រួច គូស្វាមី-ភរិយាភាគច្រើនបានសម្រេចចិត្តរស់នៅជាមួយគ្នា និងមានគោលដៅជីវិតដូចគ្នា ។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានផ្លាស់ប្តូរ ដោយសារការរស់នៅឆ្ងាយពីគ្នា ឬរស់នៅដាច់ដោយឡែកពីគ្នា (Living Apart Together / LAT) គឺជាជម្រើសថ្មីមួយ ដែលធ្វើឱ្យទំនាក់ទំនងស្នេហាពួកគេបានយូរអង្វែង និងកាន់តែមានសេចក្តីសុខ ។

អ្នកជំនាញនិយាយថា ការរស់នៅដាច់ដោយឡែកពីគ្នារបស់ស្វាមី-ភរិយា គឺមានគុណសម្បត្តិនៅត្រង់អ្នកទាំងពីរមានកន្លែងរស់នៅផ្ទាល់ខ្លួន ព្រោះពួកគេត្រូវបំពេញការងារ និងទទួលខុសត្រូវរៀងៗខ្លួន ។ ម្យ៉ាងទៀត ការរស់នៅបែបនេះអាចកាត់បន្ថយជម្លោះរឿងតូចតាចក្នុងគ្រួសារទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHv1vNsrdoi-MYwggAX8ygLBWZ2PMUdp3uUzHFXD46G1m5LtlyQc_7xilOs2N1sBxsYXz2InrIINR33nZ3ATvJvLv09XlkIG2kQEygbPPlWY3eUlYOiP-EykK2DLszaXAAy-9ngVHsz8EqctKnOoEQro66G4Wc8iD0LIgfG6AY-UofZ8aHvFgfGY7hFeE/s1280/642037671_shutterstock_159864659-1.jpg

ចំណុចសំខាន់បំផុត វាជាឱកាសឱ្យអ្នកទាំងពីររស់នៅក្នុងជីវិតមួយដែលខ្លួនត្រូវការ, រៀបចំកាលវិភាគ ឬជួបជាមួយមិត្តភក្តិ និងសាច់ញាតិ ដោយពុំចាំបាច់មានអារម្មណ៍ថា មានកំហុសដោយសារមិនបានចំណាយពេលវេលាសម្រាប់ដៃគូ ។ ក្រៅពីនេះ ពួកគេអាចសម្រាកបានគ្រប់គ្រាន់ ដោយគ្មានសំឡេងរំខានពីភាគីម្ខាងទៀតនៅពេលយប់ ។

ទោះយ៉ាងណា ទំនាក់ទំនងស្វាមី-ភរិយាតាមបែបរស់នៅដាច់ដោយឡែកពីគ្នា (Living Apart Together / LAT) អាចមិនល្អសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់ទេ ។ ហេតុនេះ មុននឹងសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា យើងគួរតែពិភាក្សាជាមួយស្វាមី ឬភរិយាឱ្យយល់ពីគ្នាជាមុនសិន ចៀសវាងភាគីម្ខាងទៀតសុំចែកផ្លូវ ដោយសារពុំអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgNWmecryYhbzyT1oCLeVdITKlMVAziSKQgWCXR4cNNXzENaWikmuGvnt9QyvnEpHD6qICWu7u2167wqZ0D8lTOL5W5I-dVn4tywSGfcd0qfd3PX3Ay3hlUwSK2sxNnHXqe5wHez4ZmcmkQnfdu0bX4WxBkrB1M03YoiB9_LWVUpWV9kqJdSs2MedrUQ/s1400/Curbed_Apart_1.jpg

នេះជាសំណួរមួយចំនួនដែលត្រូវសួរទៅកាន់ស្វាមី ឬភរិយា មុននឹងសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា ៖
-បើរស់នៅឆ្ងាយពីគ្នា តើអ្នកទាំងពីរទំនាក់ទំនងគ្នាតាមរបៀបណា? តើនឹងទំនាក់ទំនងគ្នារាល់ថ្ងៃដែរឬទេ? តើនឹងទាក់ទងតាមរយៈទូរស័ព្ទ ឬផ្ញើសារ?
-តើអ្នកទាំងពីរមានពេលទំនេរឱ្យគ្នាកម្រិតណា?
-គោលដៅផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ តើអ្នកណាជាអ្នកទទួលខុសត្រូវលើការចំណាយផ្សេងៗ និងត្រូវចំណាយលើអ្វីខ្លះ?
-ការរស់នៅឆ្ងាយពីគ្នា ចំណុចសំខាន់បំផុត ត្រូវឱ្យគ្រួសារទាំងសងខាងទទួលយកបានពីមូលហេតុដែលអ្នកទាំងពីរសម្រេចចិត្តបែបនេះ
-តើការរស់នៅឆ្ងាយពីគ្នាយូរប៉ុនណាដែរ? ឬត្រូវរស់នៅឆ្ងាយពីគ្នាអស់មួយជីវិត ឬត្រឹមមួយរយៈ ឬអាចផ្លាស់ប្តូរបាន ព្រោះវាសំខាន់ខ្លាំងណាស់ដែលត្រូវប្រាប់ដៃគូឱ្យយល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijEMt3VSgZitNdkMYR2JcsOIoc56NjRPMGDOrytpomk1MB7Pj4oA9nebtahXuKqQGME4x9HtinlS80DzNqBJm0NGc-0Gqv5qCVnqpUledbq47lBlQm17_FthyphenhyphenxnK2SasZPXxVm2dVE2r_SsibgnMHJXwrg75_MCZsLxy37KyH6Q1DFjgqP7F4eR9Y1o8o/s1110/https___media.graphassets.jpg

សរុបមក វាជាជម្រើសថ្មីមួយដែលគ្រួសារជាច្រើនបានសម្រេចចិត្តដើរតាមផ្លូវនេះ ព្រោះបច្ចុប្បន្ន ពាក្យថា ស្វាមី-ភរិយា គឺពុំចាំបាច់ត្រូវតែរស់នៅជាមួយគ្នា ឬឃើញមុខគ្នារាល់ថ្ងៃទេ ។ ប៉ុន្តែស្វាមី-ភរិយាអាចរស់នៅផ្ទះផ្សេងគ្នា ឬរស់នៅម្នាក់មួយប្រទេស ហើយពួកគេនៅតែជាគូសាមី-ភរិយាមានសុភមង្គលដូចគ្រួសារផ្សេងទៀតដែរ ៕