ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញដានជើងសត្វដាយណូស័រដ៏ធំបំផុតលើពិភពលោក ក្នុងខេត្ត Fujian ស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាជាដានជើងរបស់ដាយណូស័រពូជ Deinonychosaurs ។
រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញមកពីសាកលវិទ្យាល័យស្រាវជ្រាវផែនដីរបស់ចិន ព្រមទាំងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិបានរកឃើញដានជើងដាយណូស័រ យ៉ាងហោចណាស់៨ប្រភេទ នៅតំបន់ឡងលៀង ក្នុងនោះដានជើងចំនួន១២ គឺជារបស់ដាយណូស័រពូជ Didactyl Deinonychosaur ។
ក្នុងចំណោមដានជើងទាំង១២ ដែលមានម្រាម២ នេះ គេបានឃើញដានជើងទំហំធំៗចំនួន៥ ដែលមានទទឹងជាមធ្យមស្មើ១៦,៩សង់ទីម៉ែត្រ និងបណ្តោយ៣៦,៤សង់ទីម៉ែត្រ ។ ហេតុនេះ អ្នកវិទ្យាសាស្ត្រអាចបែងចែកប្រភេទដាយណូស័រថ្មីបន្ថែមទៀតឈ្មោះ Fujianipus Yingliangi ហើយបើយោងតាមការវិភាគពីម្រាមជើង គេសន្និដ្ឋានថា Fujianipus អាចជាដាយណូស័រពូជ Troodontid ។
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យម្នាក់ឈ្មោះ ស៊ីវលីតា និយាយថា បច្ចុប្បន្ន គេចាត់ទុកថា ដានជើងដាយណូស័រទាំងនេះ គឺជាដានជើងដាយណូស័រពូជ Deinonychosaurs ដ៏ធំបំផុតនៅប្រទេសចិន និងលើពិភពលោក ។ សាស្ត្រាចារ្យរូបនេះបន្ថែមថា បើវិភាគពីទំហំដានជើងវិញ គេសន្និដ្ឋានថា ដាយណូស័រនេះអាចមានកម្ពស់យ៉ាងហោចណាស់ ៥ម៉ែត្រ ។
ចំណែកភ្នាក់ងារសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនិយាយថា គេបានអភិរក្សដានជើងដាយណូស័រទាំងនេះយ៉ាងល្អបំផុត តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ។ ការរកឃើញដាយណូស័រពូជ Fujianipus Yingliangi ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្រាវជ្រាវពីដាយណូស័រនៅប្រទេសចិន និងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី iScience កាលពីពេលថ្មីៗនេះ ៕










