ប្រទេសមីយ៉ាន់ម៉ា ៖ សីតុណ្ហភាពកើនឡើងខ្ពស់ក្នុងតំបន់ជាច្រើននៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ, សត្វពាហនៈងា.ប់ ជាបន្តបន្ទាប់, ផលដំណាំជាច្រើនខូចខាត រួមទាំងប៉ះពាល់អ្នកបើកបររថយន្តតាក់ស៊ីផងដែរ ។ អ្នកបើកបរតាក់ស៊ីម្នាក់នៅទីក្រុង Mandalay ប្រាប់ថា មនុស្សភាគច្រើនបានសម្ងំនៅតែក្នុងផ្ទះ ជាពិសេស ពេលរសៀល ។
សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា យោងតាមរបាយការណ៍របស់នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបញ្ជាក់ថា ខេត្ត-ក្រុងជាច្រើនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ដូចជា ៖ ទីក្រុងយ៉ាំងហ្គោន មានសីតុណ្ហភាពកើនឡើងរហូតដល់៤០អង្សាសេ ។
ពេលអាកាសធាតុក្តៅខ្លាំងនៅទូទាំងប្រទេស ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានជូនដំណឹងឱ្យពលរដ្ឋទាំងអស់អនុវត្តវិធានការការពារចាំបាច់ដើម្បីសុវត្ថិភាព និងណែនាំពីវិធីការពារខ្លួនពេលស្ថិតនៅក្រោមកំដៅថ្ងៃ ។ លើសពីនេះ ក្រសួងសុខាភិបាលក៏បានណែនាំពីវិធីកាត់បន្ថយផលប៉ះពាល់ពីកំដៅព្រះអាទិត្យ ដែលមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ។
លោក U Thein Tan អ្នកបើកបរតាក់ស៊ីនៅទីក្រុង Mandalay និយាយថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យប្រាក់ចំណូលរបស់លោកធ្លាក់ចុះអស់ពាក់កណ្តាល ហើយរាល់ថ្ងៃ លោកទទួលបានប្រាក់ចំណូលពីអតិថិជនដែលចាំបាច់ត្រូវធ្វើដំណើរទៅក្រៅប៉ុណ្ណោះ ។ រីឯមនុស្សភាគច្រើនមិនធ្វើដំណើរទៅណាមកណាទេ ពេលអាកាសធាតុក្តៅខ្លាំងបែបនេះ គឺពួកគេសម្ងំនៅតែក្នុងផ្ទះ ។
Mandalay គឺជាទីក្រុងធំលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុតកាលពីខែមេសា ឆ្នាំ២០២៤ ហើយផលប៉ះពាល់ខ្លាំង គឺអ្នកជិះកង់នៅតាមផ្លូវ ព្រោះទីក្រុងនេះសម្បូរអ្នកជិះកង់ច្រើនជាងរថយន្ត ។
កាលពីថ្ងៃទី២៨ ខែមេសា កន្លងមក សីតុណ្ហភាពនៅទីក្រុង Mandalay បានកើនឡើងរហូតដល់៤៤.៨អង្សាសេ ជាហេតុធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ស្មើជាង៥០នាក់ ៕










