បទចម្រៀងមានចំណងជើងថា «ទេវរាជ» របស់តារាចម្រៀង ទេព បូព្រឹក្ស បានចេញ Trailer ជាផ្លូវការហើយ។ MVខ្លីបទនេះកំពុងធ្វើឱ្យមហាជនអ្នកក្នុងចង្កោមសិល្បៈសរសើរភ្លូកទឹកភ្លូកដី ខណៈមានការថតនៅប្រាសាទអង្គរវត្តផ្ទាល់ពិតៗតែម្តងជាពិសេសឈុតចុងក្រោយ Trailer នេះបានបង្ហាញពីនាគក្បាល៧ ដែលតំណាងមហាអាណាចក្រខ្មែរ។
បទ «ទេវរាជ» បានទម្លាក់ Official Audio កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈមានអត្ថន័យស៊ីជម្រៅខ្លាំង ដោយបានលើកពី៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ព្រមទាំងមានឃ្លាថាខ្មាំងសត្រូវក៏បានខ្ចីតួអក្សររបស់ខ្មែរទៅប្រើដែរ។ អត្ថន័យចាក់ចំៗពេកមួយបទនេះត្រូវប្រជាជនថៃមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះបទចម្រៀងរបស់ ទេព បូព្រឹក្ស ឡើយកាលពីកន្លងមកនេះ។
ក្រោយទទួលបានការអនុញ្ញាតនិងគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបទនេះក៏បានថតនៅទីតាំងប្រាសាទអង្គរវត្តផ្ទាល់ផងដែរ ខណៈនៅលើវីដេអូខ្លីមានការថ្លែងអំណរគុណទៅដល់អជ្ញាធរជាតិអប្សរា អជ្ញាធរជាតិសំបូរព្រៃគុក និងព្រះវិហារ ដូច្នេះអាចបញ្ជាក់ថា MV នេះបានថតនៅទីតាំងសំខាន់ៗទាំងនេះមាននៅខេត្តសៀមរាប ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ។
កាលពីយប់ថ្ងៃទី២ ឧសភា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ Trailer បទ ទេវរាជ ហើយ ដោយភ្ជាប់ជាមួយខ្លឹមសារថា «ការចាប់បដិសន្ធិឡើងនូវពន្លឺថ្មីមួយកំពុងប្រតិស្ឋាននៅទីនេះជាកិច្ចរំលេចឡើងនូវរូបារម្មណ៍ដែលបានលាយបញ្ចូលគ្នានូវវប្បធម៌រូបី និង អរូបី ដោយឬទ្ធីអំណាចបារមីនៃ លទ្ធិ ‘ ទេវរាជ ‘ ជាកិត្តិយសដែលបានចាប់កំណើតលើទឹកដីនេះដោយឈរជើងលើដែនដីបេតិកភណ្ឌដែលត្រូវបានប្រាថ្នាដោយបច្ចាទាំងពួង ស្នាដៃនេះជារបស់យើង ដែលកកើតលើដែនដីយើង យើងជាម្ចាស់ យើងនឹងអោយឬទ្ធីនៃពន្លឺនេះកាន់តែភ្លឺអស្ចារ្យដោយស្នាដៃយើងទាំងពួង ។ ដោយគុណបំណាច់នៃបារមីដូនតាមហានគរ យើងខ្ញុំសូមផ្ញើខ្លួននិងសុំពរជ័យពីលោកសូមលោកជួយជ្រោមជ្រែងដោយអំណាចនៃកម្លាំងបរិសុទ្ធ»។
ងាកទៅកាន់រូបភាពវិញ Trailer នេះបានថតនៅទីតាំងប្រាសាទអង្គរវត្តរំលេចឡើងយ៉ាងស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹម ជាមួយរូបចម្លាក់នៅលើប្រាង្គប្រាសាទនានាដូចជាអប្សរាជាដើម។ រូបភាពប្រកបដោយថាមពលនេះនៅចុងបញ្ចប់ Trailer ក៏បានបង្ហាញពីនាគក្បាល៧ ដែលតំណាងមហាអាណាចក្រខ្មែរដែលកម្រនឹងមានការលើកយកមកបង្ហាញណាស់។
នេះគ្រាន់តែជាសាច់ Trailer ប៉ុណ្ណោះប៉ុន្តែបានឆ្លុះបញ្ចាំងបង្ហាញពីឥទ្ធិពលនៃបទចម្រៀងនេះទៅហើយទម្រាំ MV ពេញទៀតប្រាកដជាមិនធ្វើឱ្យទស្សនិកជនខកចិត្តដូចការសន្យារបស់ ទេព បូព្រឹក្ស ឡើយប្រសិនជាបានថត MV បទនេះ។
អ្នកក្នុងចង្កោមសិល្បៈ រួមទាំងមហាជនបានកោតសរសើរយ៉ាងខ្លាំងនូវស្នាដៃមួយនេះរបស់ ជី ដេវីត និងទេព បូព្រឹក្ស ខណៈមហាជនក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសារទស្សនាMVបទនេះផងដែរ៕










