ប្រទេសចិន៖ ឆ្មាមួយក្បាលនៅក្នុងប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលវាបានបង្កើតគ្រោះថ្នាក់ដោយអចេតនា ដែលបណ្តាលឱ្យឆាបឆេះផ្ទះរបស់ម្ចាស់វា និងធ្វើឱ្យខូចខាតទ្រពសម្បត្តិអស់ជាង ១៣.០០០ ដុល្លារអាមេរិក បន្ទាប់ពីម្ចាស់វាបានចេញទៅក្រៅ នេះបើយោងតាម South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន នៅពេលដែលម្ចាស់ផ្ទះបានចេញទៅក្រៅដើរលេង ហើយទុកឆ្មាចោលនៅក្នុងផ្ទះម្នាក់ឯង ខណៈវាកំពុងរត់លេងក្នុងផ្ទះបាយ ហើយចៃដន្យវាក៏រត់ប៉ះចង្រ្កានអាំងភ្លើងអគ្គិសនី បន្ទាប់មកវាក៏បានជាន់លើបន្ទះដំណើរការរបស់ឧបករណ៍ ហើយក៏បណ្តាលឱ្យផ្ទះរបស់ម្ចាស់វាឆាបឆេះ និងបណ្តាលឱ្យខូចខាតអស់ ១.៣ ម៉ឺនដុល្លារអាមេរិក។

ស្ត្រីម្នាក់ឈ្មោះ Dandan ដែលជាម្ចាស់ផ្ទះនិងជាម្ចាស់ឆ្មាបានទទួលទូរស័ព្ទពីបុគ្គលិកគ្រប់គ្រងអចលនទ្រព្យដោយប្រាប់នាងថា ផ្ទះរបស់នាងត្រូវភ្លើងឆេះ។ ភ្លាមនោះនាងក៏បានប្រញាប់ប្រញាល់ទៅផ្ទះល្វែងរបស់នាង ហើយក៏បានរកឃើញថាឆ្មាចិញ្ចឹមរបស់នាងគឺជាមូលហេតុនៃអគ្គីភ័យ ដោយបានឆាបឆេះជាន់ទីមួយទាំងមូលនៃផ្ទះល្វែងតូចមួយរបស់នាង។ ក្រុមសង្គ្រោះបាននិយាយថា ឆ្មាហាក់ដូចជាបានទៅលេងនៅក្នុងផ្ទះបាយ ហើយចៃដន្យបានជាន់លើបន្ទះអាំងឌុចទ័រនៃចង្ក្រានអគ្គិសនី បណ្តាលឱ្យចង្ក្រានបើកហើយក៏បានឆាបឆេះផ្ទះនេះតែម្តង។ ទោះជាយ៉ាងណាឆ្មាមួយក្បាលនេះមិនមានគ្រោះថ្នាក់នោះទេ ដោយសារវាបានលាក់ខ្លួននៅក្នុងទូខោអាវជាន់ខាងលើដោយមិនមានរបួសអ្វីសោះ។
ទោះបីជាឆ្មាមិនមានបញ្ហាពិតមែន ប៉ុន្តែការធ្វេសប្រហែសរបស់ឆ្មាបានបណ្តាលឱ្យខូចខាតទ្រពសម្បត្តិរបស់ម្ចាស់វាអស់ ១០០,០០០ យ័ន (ប្រមាណ ១៣,៨០៧ ដុល្លារអាមេរិក )។ ប្រឈមមុខនឹងស្ថានភាពដ៏គួរឱ្យហួសចិត្តនេះ Dandan ដែលជាម្ចាស់ឆ្មាបានប្តូរឈ្មោះគណនីបណ្តាញសង្គមរបស់នាងទៅជា “ឆ្មាឈាមត្រជាក់” នៅក្នុង Douyin ដែលជា TikTok របស់ចិន។ ហើយក្នុងពេលនោះនាងបាននិយាយថា “ជូនចំពោះអ្នកដែលស្រឡាញ់សត្វទាំងអស់គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយកុំបណ្តោយឱ្យសត្វចិញ្ចឹមរបស់អ្នកនៅម្នាក់ឯងព្រោះអាចកើតមានឧប្បត្តិហេតុដែលមិនអាចនឹកស្មានដល់”៕










