ប្រទេសឡាវ ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងទេសចរណ៍ប្រចាំទីក្រុងហ្លួងព្រះបាង ប្រទេសឡាវឱ្យដឹងថា ទីក្រុងហ្លួងព្រះបាង បានទទួលភ្ញៀវទេសចរសរុបចំនួន១១០.៣០២នាក់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឡាវ ឆ្នាំ២០២៤ កើនឡើង៣៦៤,៤៤% បើធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ។.jpg)
តួលេខនេះ មានភ្ញៀវទេសចរបរទេសស្មើជាង៤១.៤០០នាក់ ក្នុងនោះមានភ្ញៀវទេសចរចិនមកកម្សាន្តច្រើនជាងគេ គឺស្មើ១០.៤៩៧នាក់, កូរ៉េខាងត្បូង ស្មើ៥.៥៤១នាក់, ថៃ ស្មើ៤.២៨៤នាក់, វៀតណាម ស្មើ២.៨៤៣នាក់ និងភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ។ រីឯអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំ២០២៣ ទីក្រុងហ្លួងព្រះបាង បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ស្មើនឹង២៣.៧៤៩នាក់ ។
នៅឆ្នាំ២០២៤នេះ ទីក្រុងហ្លួងព្រះបាង ដែលស្ថិតនៅឆ្ងាយពីទីក្រុងវៀងចន្ទន៍ ទៅទិសខាងជើងប្រមាណ២២០គីឡូម៉ែត្រ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធមជាងឆ្នាំមុនៗ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ។ វាក៏ជាពិធីសំខាន់សម្រាប់គម្រោងទេសចរណ៍ឡាវ (Visit Laos Year) នៅទីក្រុងហ្លួងព្រះបាងផងដែរ ។
ហ្លួងព្រះបាង ជាទីក្រុងមានឈ្មោះល្បីល្បាញបំផុតរបស់ឡាវ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ ដោយសារមានវត្តបុរាណ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនកន្លែង ។ ទីក្រុងនេះត្រូវបានចុះបញ្ជីជាសម្បត្តិមរតកពិភពលោកដោយអង្គការយូណេស្កូ (UNESCO) កាលពីឆ្នាំ១៩៩៥ ដែលមានតំបន់ទេសចរណ៍កំណត់ជាផ្លូវការ ចំនួន២២៨កន្លែង ក្នុងនោះមានតំបន់ទេសចរណ៍ធម្មជាតិ ១១១កន្លែង, តំបន់ទេសចរណ៍មរតកវប្បធម៌ ៧៨កន្លែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ៣៩កន្លែង ។
ប្រទេសឡាវបានរៀបចំក្បួនដង្ហែរទេវតាឆ្នាំថ្មីនៅទីក្រុងហ្លួងព្រះបាង ដើម្បីប្រារព្ធពិធីបុណ្យសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីឡាវ ដោយមានការចូលរួមពីពលរដ្ឋឡាវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ។ ក្នុងថ្ងៃដង្ហែរទេវតាឆ្នាំថ្មីនេះ មានពលរដ្ឋឡាវ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានមកចូលរួមលេងជះទឹកដាក់អ្នកដំណើរតាមផ្លូវយ៉ាងសប្បាយរីករាយ ៕










