បើនិយាយដល់ប្រវត្តិសាស្រ្តនៃខេត្តបាត់ដំបង មនុស្សភាគច្រើនប្រាកដជាបានជ្រាបមកហើយថា ធ្លាប់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមរយៈពេលជាងមួយសតវត្ស គឺបាត់ដំបងសម័យលោកម្ចាស់ ចន្លោះឆ្នាំ ១៧៩៥ ដល់ឆ្នាំ១៩០៧ ដែលកាលគ្រានោះសៀមបានប្តូរឈ្មោះហៅខេត្តនេះថាជា ខេត្តព្រះដំបង។ យ៉ាងណាមិញខេត្តនេះក៏បានស្ថិតនៅក្រោមការមើលខុសត្រូវរបស់ត្រកូល «អភ័យវង្ស» ជាពូជពង្សខ្មែរប៉ុន្តែបម្រើឲ្យផលប្រយោជន៍សៀម បន្តតកូនតចៅមកជាច្រើនជំនាន់ ខណៈអ្នកខ្លះបានចាត់ទុកថាជាត្រកូលក្ប.ត់ជាតិ។
បើយោងតាមឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល ត្រកូលអភ័យវង្សនេះបានតាមបម្រើស្ដេចសៀមដ៏ស្មោះស្ម័គ្រ ហើយដើម្បីផលប្រយោជន៍សៀម ពួកគេសុខចិត្តធ្វើបាប ជិះជាន់គាបសង្កត់ កាប់សម្លាប់ជាតិសាសន៍ខ្មែរអស់ជាច្រើនលើសលប់។ ត្រកូលនេះគឺបានចាប់បង្ខំកងទ័ពខ្មែរឱ្យទៅជួយសៀមច្បាំងជាមួយប្រទេសភូមា ហើយក្រោយពេលត្រឡប់មកពីច្បាំងជាមួយភូមាវិញ ស្ដេចសៀមបានបញ្ជាឲ្យ ចៅហ្វាបែន បញ្ជូនកងទ័ពទៅជួយស្តេចយ៉ាឡុង ដើម្បីវាយប្រហារទៅលើកងទ័ពបះបោរតៃសឺងថែមទៀត។ បន្ថែមពីនេះត្រកូលអភ័យវង្ស បានកេណ្ឌប្រជារាស្ត្រខ្មែរមួយម៉ឺននាក់ឱ្យទៅជីកប្រឡាយនៅឯស្រុកសៀម។
ដោយសារមើលឃើញពីភាពស្មោះត្រង់របស់គ្រួសារបែននៃត្រកូលអភ័យវង្ស ស្ដេចសៀមបានតែងតាំង ចៅហ្វាបែនជាហ៊ួមឿង ចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ១៧៩១ មានងារជា ចៅពញាអភ័យភិបេស វិសេសសង្គ្រាមរាម។ ដូច្នេះចាប់តាំងពីពេល នោះមក ក្រុមគ្រួសាររបស់ចៅហ្វាបែន បានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្តបាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ (ជំនាន់ក្រោយគេបំផុតដែលបានគ្រប់គ្រងខេត្តបាត់ដំបង) គឺបាននាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅ រស់នៅស្រុកសៀមតកូនតចៅ រហូតមក។
ចំណែកខេត្តដែលនៅខាងជើងខេត្តបាត់ដំបង មានខេត្តមង្គលបុរី សេរីសោភ័ណ និងកូរ៉ាត ឬ នគររាជ ពួកសៀមបានយកបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួនដោយស្ងាត់ៗនៅឆ្នាំ ១៧៩៥។ ទឹកដីខ្មែរបានបាត់បង់ទៅជាបន្តបន្ទាប់ ដោយសារតែក្រុមគ្រួសារក្បត់ជាតិ គ្រួសារអភ័យវង្សបែន ដែលកូនចៅជំនាន់ក្រោយៗឡើងគ្រប់គ្រងអំណាចជាបន្តបន្ទាប់ ចេះតែពេល រណបសៀមដើម្បីរក្សាអំណាចរបស់ខ្លួន ក៏បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរគ្រប់ជំនាន់បន្តិច ម្តងៗទៅឱ្យសៀម។

សូមរំលឹកថា បាត់ដំបងសម័យលោកម្ចាស់ គឺបានបញ្ចប់ក្រោមសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ដោយសៀមព្រមប្រគល់ទឹកដីមកឲ្យខ្មែរវិញ តាមការទាមទាររបស់បារាំងផងដែរ៕










