បើតាមរបាយការណ៍ថ្មីរបស់ European Central Banl បង្ហាញថា អាកាសធាតុនៅលើពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាហេតុធ្វើឱ្យតម្លៃអាហារកើនឡើង៣,២% ក្នុង១ឆ្នាំ ។ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ របាយការណ៍នេះបានស្រាវជ្រាវពីតម្លៃអាហារ និងទំនិញផ្សេងៗក្នុង១ខែៗនៅប្រទេសចំនួន១២១ និងស្រាវជ្រាវពីសីតុណ្ហភាព និងកត្តាអាកាសធាតុដែលធ្វើឱ្យប៉ះពាល់តម្លៃអាហារផងដែរ ។
របាយការណ៍នេះបញ្ជាក់ថា ពេលអាកាសធាតុកាន់តែប្រែប្រួលខ្លាំងធ្វើឱ្យបន្លែបង្ការ, គ្រឿងផ្សំ និងទិន្នផលកសិកម្មកាន់តែពិបាកស្វែងរក ហើយមនុស្សជាច្រើនលើពិភពលោក គ្មានអាហារសម្បូរបែប និងល្អសម្រាប់សុខភាពដូចមុន ឬអាចមានអាហារ តែមិនគ្រប់គ្រាន់ ។ ហេតុនេះ វាធ្វើឱ្យតម្លៃអាហារកើនឡើងចាប់ពី០,៩% ដល់៣,២% ក្នុង១ឆ្នាំ នៅឆ្នាំ២០៣៥ ហើយគ្រួសារនីមួយៗបានចំណាយប្រាក់កាន់តែច្រើនដើម្បីទិញអាហារ ។
នៅឆ្នាំ២០៦០ តម្លៃអាហារលើពិភពលោក នឹងកើនឡើងចាប់ពី២,២% ដល់៤,៣% ក្នុង១ឆ្នាំ ហើយប្រទេសទាំងអស់នឹងប្រឈមជាមួយបញ្ហាតម្លៃអាហារកើនឡើង មិនថាប្រទេសអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ។ រីឯប្រទេសនៅទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ បើទោះជាទ្វីបអាហ្វ្រិកមានចំណែកតិចតួចក្នុងការធ្វើឱ្យអាកាសធាតុពិភពលោកប្រែប្រួលក្តី ។
គណៈកម្មការ Intergovernmental Panel on Climate Change (IPCC) បានប្រៀបធៀបទ្វីបអាហ្វ្រិកខាងលិចថា ជាចំណុចក្តៅនៃបម្រែបម្រួលអាកាសធាតុ និងព្យាករថា តំបន់នេះនឹងមានសីតុណ្ហភាពកើនឡើងខ្លាំង និងមានបរិមាណទឹកភ្លៀងតិចតួច ។ ហេតុនេះ កសិករជាងពាក់កណ្តាលនៅប្រទេសហ្គាណាបានពឹងផ្អែកលើការធ្វើកសិកម្មតាមធម្មជាតិ ត្រូវប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។
របាយការណ៍ដដែលបង្ហាញទៀតថា ពលរដ្ឋមានចំណេះដឹងពីបម្រែបម្រួលអាកាសធាតុនៅហ្គាណាបានកើនឡើង នឹងធ្វើឱ្យប្រទេសនេះមានស្បៀងអាហារគ្រប់គ្រាន់ បើទោះជាមានពលរដ្ឋតិចតួចបានសិក្សាពីអាកាសធាតុក្តៅក្តី ។ វាបញ្ជាក់ថា ពលរដ្ឋរងផលប៉ះពាល់បានយល់ច្បាស់ពីសីតុណ្ហភាពផ្លាស់ប្តូរ នឹងអាចដោះស្រាយវិបត្តិនេះ ៕










