ផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។
ផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។
ពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីលោក លាំង អ៉ីហ្គ័ន (Liang Yiguang) អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃពិព័រណ៍អាស៊ាន-ចិន លោក ជូ ឡី (Zhu Lei) អធិការនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
បើតាមថា្នក់ដឹកនាំផ្សារនេះ បានសង្ឃឹមយ៉ាងមុតមាំថា នៅពេលអនាគត នឹងកសាងផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឱ្យក្លាយជាផ្សារបោះដុំជំនាញដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន ហើយនឹងបង្កើតទៅជាផ្សារចម្រុះដែលបោះដុំកសិផលនិងទំនិញផ្សេងទៀត៕










