ព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះបងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងសិស្សានុសិស្សគ្រប់ៗរូបបានអនុញ្ញាតិឲ្យឈប់សម្រាកពីការងារឬការសិក្សា ដើម្បីជាការអបអរដល់ពិធីបុណ្យជាតិ ក៏ដូចជាមានការចូលរួមសង្ក្រាន្តនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជាយ៉ាងច្រើនកុះករ។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា គឺបានស្រង់ស្ថិតិប្រជាពលរដ្ឋខ្មែរនិងទេសចរបរទេស បានដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៦ ខែមេសានេះថា មានភ្ញៀវទេសចរសរុបប្រមាណនឹង ២១,៨១៣,១៣៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិគឺមានចំនួនប្រមាណ ២១,៧០២,៨១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ១១០,៣២២នាក់។
ក្រសួងបានបញ្ជាក់ថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ជាការរាប់ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។
ទាក់ទងទៅនឹងការគណនានូវចំនួនភ្ញៀវទេសចរសរុបដែលបានដើរកម្សាន្តទូទាំងប្រទេសកម្ពុជានេះដែរ លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ កាលពីពេលកន្លងមកនេះក៏ធ្លាប់បានពន្យល់ថា យុទ្ធសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរ មិនមែនជាការរាប់លើបុគ្គលម្នាក់ៗនោះទេ គឺរាប់ចំនួនដងដែលបុគ្គលនោះគាត់បានដើរកម្សាន្តចេញពីខេត្តមួយទៅខេត្តមួយ។ ឧទាហរណ៍ថា មនុស្សម្នាក់ចូលទៅ ភោជនីយដ្ឋានណាមួយ គេនឹងរាប់១ដង បន្ទាប់មកបើម្នាក់ដដែលនោះបន្តទៅកាន់ទីណាមួយកន្លែងផ្សេងទៀត គេនឹងរាប់មួយដងទៀត និងរាប់ជាបន្តបន្ទាប់ ដែលវាគឺជាការរាប់ចំនួនដង មិនមែនរាប់ចំនួនមនុស្សនោះទេ។
លោកបន្តថា ចំពោះការគណនាភ្ញៀវទេសចរអន្តរជាតិ គឺក្រសួងទេសចរណ៍បានសហការ ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដោយប្រមូលនូវរបាយការណ៍ជាប្រចាំខែ ដែលទទួលបានពីច្រកព្រំដែនអន្តរជាតិ(ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស)។ ហើយសម្រាប់ការរាប់ភ្ញៀវទេសចរជាតិវិញ គឺទិន្និន័យប្រមូលបានពីមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង២៥ ពិសេសរបាយការណ៍ពីសេវាកម្មនៃការស្នាក់នៅរបស់ភ្ញៀវផងដែរ៕