ប្រទេសសិង្ហបុរី ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តួលេខផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី១ ឆ្នាំ២០២៤ របស់ប្រទេសសិង្ហបុរី បានកើនឡើងតិចជាងការរំពឹងទុក បើទោះជាសិង្ហបុរីបានជំរុញសេដ្ឋកិច្ចតាមរយៈការរៀបចំកម្មវិធីជាច្រើន រួមទាំងការប្រគំតន្ត្រីរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលំដាប់ពិភពលោក ឈ្មោះ Taylor Swift ក្តី ។
សារព័ត៌មានបរទេសបានរាយការណ៍ពីប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ថា ព័ត៌មានបឋមរបស់ក្រសួងពាណិជ្ជកម្មសិង្ហបុរីបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើង២,៧% ។ ប៉ុន្តែវាបានកើនឡើងត្រឹមតែ០,១% ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយកំណើននេះទាបជាងការរំពឹងទុករបស់អ្នកវិភាគសិង្ហបុរី និងអ្នកវិភាគក្រៅប្រទេសថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងរហូតដល់៣% នៅត្រីមាសទី១ ឆ្នាំ២០២៤ ។
ទន្ទឹមនឹងនេះ វិស័យផលិតកម្មរបស់សិង្ហបុរីបានកើនឡើង០,៨% នៅត្រីមាសទី១ ឆ្នាំ២០២៤ ក្រោយពីវាធ្លាក់ចុះ២,៩% ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ឬនៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ រីឯវិស័យសេវាកម្ម រួមទាំងកន្លែងស្នាក់នៅ និងម្ហូបអាហារ បានកើនឡើង២,៩% នៅត្រីមាសទី១ ឆ្នាំ២០២៤ ។
បណ្តាអ្នកវិភាគនិយាយថា ប្រទេសសិង្ហបុរីបានរៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោក ដែលមានការចូលរួមពីតារាចម្រៀងដ៏ល្បីរបស់អាមេរិកឈ្មោះ Taylor Swift កាលពីដើមឆ្នាំ២០២៤ ព្រមទាំងកម្មវិធីមួយទៀតឈ្មោះ «Singapore Air Show» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងអាចជំរុញសេដ្ឋកិច្ចសិង្ហបុរីបាន ប៉ុន្តែពុំវាជំរុញពុំខ្លាំងក្លាដូចការរំពឹងទុករបស់រដ្ឋាភិបាលទេ ។
ទោះយ៉ាងណា គេចាត់ទុកថា ស្ថិតិដែលបានចេញផ្សាយនេះ គឺជាសញ្ញានៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសិង្ហបុរីជាបន្តបន្ទាប់ ក្រោយពីសិង្ហបុរីបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ៕










