ប្រទេសឡាវ ៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua News រាយការណ៍ថា រដ្ឋាភិបាលឡាវបានអំពាវនាវទៅកាន់ពលរដ្ឋឡាវដែលធ្វើការនៅក្រៅប្រទេស ឱ្យមកធ្វើការនៅប្រទេសរបស់ខ្លួនវិញ ដោយសារក្រុមហ៊ុនអាជីវកម្មជាច្រើននៅប្រទេសឡាវ ត្រូវការកម្លាំងពលកម្មជាបន្ទាន់ ។
ក្រសួងការងារ និងសុខុមាលភាពសង្គមរបស់ឡាវរាយការណ៍ថា បច្ចុប្បន្ននេះ និយោជករបស់ក្រុមហ៊ុនអាជីវកម្មជាច្រើននៅប្រទេសឡាវ បានប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មយ៉ាងច្រើន ក្រោយពីពលរដ្ឋឡាវនាំគ្នាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់ជាង និងបរិយាកាសការងារល្អជាងនៅឡាវ ។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងសុខុមាលភាពសង្គមរបស់ឡាវ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានប្រមូលទិន្នន័យអំពីចំនួនពលរដ្ឋចេញទៅធ្វើការនៅក្រៅប្រទេស, ចំនួនពលរដ្ឋគ្មានការងារធ្វើ និងពលរដ្ឋមានប្រាក់ចំណូលតិចតួច ។
កង្វះខាតទិន្នន័យត្រឹមត្រូវពាក់ព័ន្ធនឹងស្ថានការណ៍គ្មានការងារធ្វើ បានបង្ហាញអំពីបញ្ហាជាច្រើន ដូចជា ៖ ដំណើរការជ្រើសរើសបុគ្គលិកក្រៅផ្លូវការ, កង្វះខាតការគ្រប់គ្រងលើការជួលបុគ្គលិក និងកង្វះខាតសូចនាករផ្សេងៗសម្រាប់ទីផ្សារការងារ ជាដើម ។
ចំណែកប្រាក់ឈ្នួលអប្បបរិមារបស់ពលករឡាវធ្វើការនៅប្រទេសឡាវ គឺស្មើប្រមាណ៨៨ដុល្លារអាមេរិកក្នុង១ខែ ដែលទើបតែកើនឡើងលើកចុងក្រោយ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។ កាលពីមុន ប្រាក់ឈ្នួលអប្បបរិមារបស់ពលករឡាវដែលធ្វើការនៅប្រទេសឡាវ គឺស្មើប្រមាណតែ៧៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ខែ ។
យោងតាមទិន្នន័យរបស់នាយកដ្ឋានការងារជ្រើសរើសពលករបរទេសនៃក្រសួងការងារថៃបញ្ជាក់ថា ពលករឡាវដែលទទួលបានការអនុញ្ញាតឱ្យមកធ្វើកាស្របច្បាប់នៅប្រទេសថៃ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្រាកើនឡើងជាបន្តបន្ទាប់ ។ នៅដើមខែមេសា ឆ្នាំ២០២៤ នេះ ពលករឡាវបានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅប្រទេសកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ៕










