ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ម្ហូបរបស់ប្រទេសថៃមួយមុខឈ្មោះ «គែងតៃប្លា» ដែលពលរដ្ឋថៃចាត់ទុកថា គឺជាម្ហូបដ៏ឆ្ងាញ់បំផុតប្រចាំខេត្តភាគខាងត្បូង ត្រូវបានគេហទំព័រដ៏ល្បីឈ្មោះ TasteAtlas ចាត់ចំណាត់ថ្នាក់ថា ជាម្ហូបអន់បំផុតនៅលើពិភពលោក ក្នុងចំណោមម្ហូបចំនួន១០០មុខ ។
វាបានក្លាយជាប្រធានបទមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃលើកឡើងយ៉ាងច្រើន នាដើមខែមេសានេះ នៅពេលគេហទំព័រដ៏ល្បីមួយឈ្មោះ TasteAtlas បានចាត់ចំណាត់ថ្នាក់ម្ហូបអាហារចំនួន១០០មុខ គឺជាអាហារអន់បំផុតនៅលើពិភពលោក ។ គេហទំព័រនេះបង្ហាញថា សម្លថៃឈ្មោះ «គែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអន់បំផុតនៅលើពិភពលោក ។
ពលរដ្ឋថៃនៅទូទាំងប្រទេសបានបង្ហាញនូវមតិរិះគន់ថា មិនគួរសម្រេចចិត្តវិនិច្ឆ័យអាហាររបស់ប្រទេសណាមួយផ្អែកតាមទស្សនៈសកលទេ ដោយសារវប្បធម៌ប្រទេសនីមួយៗខុសៗគ្នា ។ រីឯពលរដ្ឋថៃរស់នៅខេត្តភាគខាងត្បូងបញ្ជាក់ថា «គែងតៃប្លា» គឺជាមុខម្ហូបដ៏ឆ្ងាញ់ក្នុងចំណោមមុខម្ហូបផ្សេងទៀត ដែលបង្ហាញពីអត្តសញ្ញាណក្នុងតំបន់ ។
ពលរដ្ឋថៃមិនយល់ស្របនឹងការចាត់ចំណាត់ថ្នាក់នេះទេ ពីព្រោះសម្លថៃឈ្មោះ «គែងតៃប្លា» គឺជាមុខម្ហូបមានរសជាតិឆ្ងាញ់ពិសេសសម្រាប់ពួកគេ ហើយសូម្បីតែ YouTuber ជនជាតិកូរ៉េខាងត្បូងដ៏ល្បី ឈ្មោះ ខាឡែន ក៏ចូលចិត្តបរិភោគម្ហូបនេះដែរ ក្នុងចំណោមម្ហូបផ្សេងទៀតរបស់ប្រទេសថៃ ។ អ្នកខ្លះទៀតនិយាយថា វាជាម្ហូបអន់នៅលើពិភពលោក ប៉ុន្តែវាជាម្ហូបពិសេសរបស់ខ្លួន ។
ចំណែកស្ត្រីជាម្ចាស់ហាងលក់ម្ហូប និយាយថា «គែងតៃប្លា» គឺជាម្ហូបដ៏ឆ្ងាញ់បំផុតសម្រាប់អតិថិជន ហើយតាំងពីគេហទំព័រ TasteAtlas បានចាត់ចំណាត់ថ្នាក់ថា «គែងតៃប្លា» គឺជាម្ហូបអន់បំផុតនៅលើពិភពលោក ឃើញថា គាត់លក់ម្ហូបនេះដាច់ខ្លាំងណាស់ ។ ជារៀងរាល់ថ្ងៃ អតិថិជនបាននាំគ្នាមកទិញម្ហូបនេះនៅហាងរបស់គាត់ជាហូរហែ ។
សារព័ត៌មានថៃបានសម្ភាសន៍លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងការចាត់ចំណាត់ថ្នាក់របស់គេហទំព័រ TasteAtlas នេះ ហើយលោក Srettha Thavisin លើកឡើងថា ចំពោះការចាត់ចំណាត់ថ្នាក់ថា អាហារថៃ «គែងតៃប្លា» ជាអាហារអន់បំផុត គឺវាស្ថិតនៅលើអណ្តាតរបស់មនុស្សម្នាក់ៗ ប៉ុន្តែសម្រាប់ខ្លួនលោកវិញ លោកចូលចិត្តបរិភោគម្ហូបនេះខ្លាំងណាស់ ។
លោកនាយករដ្ឋមន្ត្រីបន្តថា បើទោះជាជនបរទេសមិនចូលចិត្តបរិភោគអាហារថៃ «កែងតៃប្លា» ក្តី ប៉ុន្តែនៅមានអាហារថៃជាច្រើនមុខទៀតបានជាប់ចំណាត់ថ្នាក់ជាអាហារឆ្ងាញ់នៅលើពិភពលោក ។ ហេតុនេះ ពលរដ្ឋថៃត្រូវតែយល់ព្រមទទួលស្គាល់ការចាត់ចំណាត់ថ្នាក់នេះ ពីព្រោះវាជាសិទ្ធិរបស់ពួកគេ ។ លោកបញ្ជាក់ថា បើម្ហូប «គែងតៃប្លា» គ្មានរសជាតិហឹរទេនោះ គឺពុំហៅថា «គែងតៃប្លា» ទេ ។
ទោះយ៉ាងណា ពលរដ្ឋថៃខ្លះទៀតនិយាយថា ដោយសារតែសម្លនេះមានរសជាតិឌិតខ្លាំង, ហឹរខ្លាំង និងខាប់ ថែមទាំងមានក្លិនប្លែកខុសពីមុខម្ហូបផ្សេងៗ ទើបធ្វើឱ្យ «គែងតៃប្លា» មិនត្រូវមាត់ជនបរទេស សូម្បីតែជនជាតិថៃគ្នាឯង ក៏មិនចូលចិត្តម្ហូបនេះដែរ ៕










