ដោយសង្កេតឃើញថា បច្ចុប្បន្ននេះនៅទូទាំងពិភពលោក មិនថានៅអាស៊ី ឬអឺរ៉ុបទេ កម្តៅផែនដីបានកើនឡើងឆាប់រហ័សនិងខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយបើយោងតាមប្រភពសារព័ត៌មានថៃបានលើកឡើងថា សីតុណ្ហភាពប្រទេសខ្លួនក៏ដូចជាប្រទេសក្បែរខាងរួមទាំងកម្ពុជា នៅក្នុងខែមេសានេះ អាចនឹងឡើងកម្តៅដល់ចន្លោះ ៤៣-៤៥ អង្សាសេ។
ជាមួយគ្នានេះ យោងតាមគេហទំព័រ Charity Digital កាលពីពេលថ្មីៗគឺបានគូសបញ្ជាក់អំពីមូលហេតុចម្បងៗនៃការឡើងកម្តៅផែនដីប្រចាំឆ្នាំ ២០២៤។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនេះ គឺវាទាក់ទងទៅនឹងការបំភាយកាបូន ការបំផ្លិចបំផ្លាញជីវចម្រុះ សត្វព្រៃ និងព្រៃឈើ ការរលាយដុំទឹកកកតំបន់ប៉ូល ការកើនឡើងកម្រិតទឹកសមុទ្រ និងការដួលរលំនៃចរន្តទឹកសមុទ្រសំខាន់ៗ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០ មក មនុស្សគឺជាកត្តាមួយចម្បងក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់(កាបូនឌីអុកស៊ីត) ទៅក្នុងខ្យល់ ភាគច្រើនតាមរយៈការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្មសម្រាប់ផ្ទះ រោងចក្រ និងការដឹកជញ្ជូន ក៏ដូចជាតាមរយៈវិធីសាស្រ្តកសិកម្មទំនើប និងការកាប់បំផ្លាញព្រៃឈើជាដើម ដែលជាហេតុបណ្តាលឱ្យសីតុណ្ហភាពកើនឡើង។ 
ផែនដីបានបំបែកកំណត់ត្រាក្តៅខ្លាំងបំផុតកាលពីឆ្នាំ ២០២៣ ដែលចំពោះសហភាពអឺរ៉ុបបានរកឃើញថាកម្រិត ១.៤៨°C ក្តៅជាងមធ្យមភាគមុនឧស្សាហកម្ម។ សីតុណ្ហភាពពិភពលោកកាន់តែក្តៅក្នុងឆ្នាំ ២០២៣ បាននាំមកនូវព្រឹត្តិការណ៍ និងគ្រោះមហន្តរាយនៅទូទាំងពិភពលោក រួមមាន រលកកម្តៅដ៏សាហាវនៅក្នុងរដូវក្តៅនៃអឌ្ឍគោលខាងជើង ការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា និងកោះហាវ៉ៃ និងភ្លៀងធ្លាក់ខ្លាំងបំផុតនៅកន្លែងជាច្រើនរួមទាំងប្រទេសកូរ៉េ អាហ្វ្រិកខាងត្បូង និងប្រទេសចិន។
កាលពីឆ្នាំ ២០២៣ នេះទៀតសោត កម្រិតទឹកក្តៅបំផុតក៏បានលេចឡើងនៅក្នុងកំណត់ត្រាមហាសមុទ្រពិភពលោកផងដែរ ដែលជាង ៩០% នៃកម្តៅបានមកពីការឡើងកម្តៅផែនដីដែលជាហេតុបណ្តាលឲ្យឡើងកម្តៅមហាសមុទ្រពិភពលោក។ ម៉្យាងវិញទៀត សីតុណ្ហភាពមហាសមុទ្រគឺជាសូចនាករច្បាស់លាស់ដែលបង្ហាញថាភពផែនដីយើងឡើងកម្តៅពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានោះ វិសាលភាពនៃទឹកកកសមុទ្រនៅក្នុងតំបន់ប៉ូលរបស់ផែនដី គឺធ្លាក់ដល់ទាបបំផុតក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ។
សម្រាប់ឆ្នាំ ២០២៤នេះ តាមការសិក្សាបានបង្ហាញថា វានឹងបន្ថែមកម្រិតសីតុណ្ហភាពសកលជាមធ្យមលើសពី ១.៥°C លើសកម្រិតមុនឧស្សាហកម្ម ដែលនឹងបង្កគ្រោះថ្នាក់មួយកម្រិតបន្ថែមទៀតដល់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ៕










