រាំរង់ (ពោលគេរាំបន្តគ្នាជារង្វង់មូល) គឺចង្វាក់ប្រពៃណីខ្មែរ ដែលគេតែងនិយមឃើញប្រជាពលរដ្ឋខ្មែរទំាងក្មេងចាស់ ប្រុសស្រី នាម៉ឺនមន្រ្តីគ្រប់ៗគ្នា តែងនិយមយកមករាំលេងកម្សាន្តជាទូទៅ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មង្គលការ ជប់លៀងជាដើម។
កាលពី ៣០៩ ឆ្នាំមុនគ.ស. ពោលតាំងពីមុនសតវត្សទី១ទៀត «ការរាំជារង្វង់» ត្រូវបានគេយកមកប្រើប្រាស់និងប្រារព្ធ នៅក្នុងពិធីលេងអារក្ខ និងពិធីឡើងអ្នកតារបស់ខ្មែរ ដែលជនជាតិខ្មែរដើម និយមសង់រោងតូចមួយដោយមានធ្វើ រាជវត្ត ព័ទ្ធជុំវិញ ហើយរូប មេមត់ (អ្នកចូលរូប) តែងតែរាំជារង្វង់មូលនៅជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលាងអារក្ខនេះ។
ចង្វាក់រាំវង់ ត្រូវបានគេចារទុកតាំងពីសម័យអាណាចក្រខ្មែរគឺសម័យអង្គរ ចន្លោះសតវត្សទី៨ ដល់ទី១៣។ ចង្វាក់រាំវង់ បានបង្កើតឡើងតាមរយៈជនជាតិខ្មែរដើម ភាគតិច ក្រឹង និងទំពួន ដែលសុទ្ធតែបានឆ្លាក់ជាប់នៅលើជញ្ជាំងប្រាសាទបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលពណ៌នាអំពីពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិព្នង គ្រឹង និង ទំពួង ដែលតែងមានទម្លាប់រាំជាវង់ជុំវិញភ្នក់ភ្លើង ឬរាំជារង្វង់មូលជុំវិញឧទិនស្រាបិទអង្ករ ដោយមានឈ្មោះពេញនិយមថា «ស្រាប៉ឺត» របស់អ្នកភូមិជនជាតិ ដែលស្ថិតក្នុងភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំ វ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរីបច្ចុប្បន្ន។
ជាមួយគ្នានេះ «របាំរាំវង់ភូមិថ្មី» ដែលគេមានទម្លាប់ធ្វើនៅពេលប្ដូរភូមិ ពីភូមិចាស់ទៅរស់នៅក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពី ៣ ទៅ ៧ឆ្នាំ មុននឹងប្ដូរភូមិ ឬចាកចេញពី ភូមិចាស់ មេកន្រ្ទាញនិងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ខ្លួន ដើម្បីរកកន្លែងថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបាន។
លុះចំណេរកាលក្រោយមក ទើបបានក្លាយទៅជារបាំប្រជាប្រិយដែលមាន ការនិយមចូលចិត្តពី គ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល។ បើតាមឯកសារមួយចំនួនបានបញ្ជាក់ថា នៅប្រទេសកម្ពុជា របាំប្រជាប្រិយរាំវង់បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០ និង២១ ជាពិសេសបន្ទាប់ពីទទួលបានឯករាជ្យពីបារាំង។
ចំពោះអត្ថន័យនៃ«របាំរាំវង់នេះ»វិញ ដោយប្រើកាយវិការ និងក្បាច់ដៃ «ជីប» ពីក្រោម ហើយលើកឡើង «លា» នោះវិញ ត្រូវបានគេជឿថាតំណាងឲ្យសាមគ្គីភាព ការបង្ហាញសុភមង្គលក្នុងជីវិតខ្មែរ និងជានិមិត្តរូបរង្វង់នៃជីវិត ដែលត្រូវតែមានពលកម្មដាំដុះផល ដំណាំសារ ចុះសារឡើង បន្តជានិច្ចនិរន្តរ៍ មិនចេះចប់ ដើម្បីទ្រទ្រង់ជីវិត និងការចាំបាច់នៃការបន្តពូជពង្សវង្សត្រកូលខ្មែរ។
តាមឯកសារស្រាវជ្រាវរបស់លោក ពេជ្រ ទុំក្រវិល. អត្ថន័យស៊ីជម្រៅនៃចំណុចស្នូលកណ្តាល វង់ ឬរង្វង់មូល ដែលមនុស្ស ខ្មែរបុរាណជឿជាក់ថា ជាការចាប់ផ្តើមឡើងនូវអ្វីៗទាំងអស់ ពីព្រោះរាល់សកម្មភាព ឬថាមពលទាំងអស់ជុំវិញនៃពិភពលោក គឺសុទ្ធតែផ្តើមឡើងពីចំណុចកណ្តាលនេះឯង ហើយបន្ទាប់មកក៏បានរីករាលដាលធំទៅៗ ដោយមាន សណ្ឋានជាក្បាច់គូថខ្យង ហើយនៅទីបញ្ចប់ក៏គ្របដណ្តប់ទូទាំងចក្រវាឡយ៉ាងឆាប់រហ័សផងដែរ៕










