នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានធ្វើការស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖”លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងាររោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស”។
ឯកឧត្ដម បានសង្កត់ធ្ងន់ថា៖”សំណូមពរដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន”៕