កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ជុំវិញករណីឃាតកម្មគិតទុកជាមុន ដោយសម្លាប់ រួចញាត់សាកសពក្នុងវ៉ាលីយកទៅបោះចោល នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែស្បែកជើងរឹតក ទៅលើជនរងគ្រោះឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់ រួចជនសង្ស័យបានដាក់សាកសពក្នុងវ៉ាលី ដឹកតាមរថយន្តម៉ាក Rang Rover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចផ្លូវជាតិលេខ៤៨ អន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទើបកម្មករធ្វើផ្លូវនៅទីមានខ្លិនស្អុយក៏បានដើរទៅមើលឃើញវ៉ាលីពណ៌ទឹកក្រូចមានសាកសពនៅពីក្នុង រួចក៏បានរាយកាណ៍ជូនសមត្ថកិច្ច ។
លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង០០នាទី កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបានត្រង់ចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕










