ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមគឺបានបង្ហាញវីដេអូរបស់សិស្សានុសិស្សមួយក្រុម នៃវិទ្យាល័យខេត្តកោះកុង បាននឹងកំពុងហ្វឹកហាត់សម្តែងរបាំនេសាទបានយ៉ាងស្រស់ស្អាត ដែលចាត់ទុកថាជាការជួយអភិរក្សរបាំខ្មែរយើង និងជាកេរ្តិ៍ដំណែលមិនចេះសាបសូន្យ។
ដូចដែលបានដឹងមកហើយ ទឹកទន្លេ បឹងបួរ ព្រែក គឺជាធនធានធម្មជាតិដ៏អំណោយផលបំផុតមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាប្រភពចំណូលដ៏កាក់កបរបស់បងប្អូនប្រជានេសាទខ្មែរ ព្រោះថា ដែនទឹកកម្ពុជាគឺប្រមូលផ្តុំដោយមច្ឆាជាតិចម្រុះគ្រប់ប្រភេទយ៉ាងសម្បូរហូរហ៊ា ដែលបានធ្វើឲ្យប្រហុកនិងផ្អកក្លាយជាទីពេញនិយមបំផុតក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានោះ ដើម្បីបង្កនូវភាពងាយស្រួលដល់ការនេសាទ ក៏មានការកែច្នៃឧបករណ៍នេសាទផ្សេងៗជាច្រើនប្រភេទដូចជា សន្ទូច មង សំណាញ់ អួន សៃយ៉ឺន ទ្រូ លប អ៊ុយ អង្រុត និងឈ្នាងជាដើម។
ក្រឡេកមកចាប់អារម្មណ៍លើ «របាំនេសាទ» នេះវិញគឺត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងអំពីមុខរបរនេសាទរបស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ពិសេសគឺអ្នកដែលរស់នៅតាមដងទន្លេសាបនៃប្រទេសកម្ពុជា។ លើសពីជាមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរហើយ គូរស្នេហ៍កំឡោះក្រមុំភាគច្រើនក៏បានជួបចែចង់គ្នាក្នុងអំឡុងពេលនេសាទនេះដែរ។
របាំនេសាទ គឺមានការចូលរួមសម្តែងពីតួអង្គចំនួន១០នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៥នាក់ ដែលដោយខាងប្រុសគឺត្រូវសម្តែងរបៀបដូចប្រឹងអង្រុតត្រី ចំណែកខាងស្រីត្រូវប្រឹងខិតខំចូកត្រី។ ជាមួយគ្នានោះ ខាងប្រុសក៏មានការចែចង់ ញេះញោះ ឲ្យខាងស្រីខឹង បន្ទាប់មកខាងប្រុសក៏តាមលួងលោមជាដើម។ ចំពោះឧបករណ៍ដែលត្រូវប្រើប្រាស់ក្នុងការសម្តែងរបាំនេសាទនេះវិញមានដូចជា អង្រុតត្រី សម្រាប់បុរស និង ឈ្នាង សម្រាប់ស្រ្តី៕










