សហរដ្ឋអាមេរិក៖ ក្នុងរយៈពេល ៦ ខែកន្លងទៅនេះ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ រថយន្តជិត ១៤,០០០ គ្រឿងត្រូវបានគេបោះបង់ចោលនៅតាមផ្លូវនៃទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ាដែលបណ្តាលឱ្យអាជ្ញាធរឈឺក្បាលខ្លាំងក្នុងការស្វែងរកដំណោះស្រាយ។
យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា រថយន្តទាំងនេះត្រូវបានចោ.រលួចគាស់យកតែគ្រឿងបន្លាស់ថ្លៃៗ ហើយបន្សល់ទុកនូវតួរថយន្ត បង្អួចដែលខូចខាត ទ្វារខ្លះបាត់ ធ្វើឱ្យអ្នកស្រុកត្អូញត្អែរថា រថយន្តបានបិទផ្លូវចូលផ្ទះរបស់ពួកគេ ក៏ដូចជាកន្លែងអាជីវកម្ម ផ្លូវចូលសាលារៀន ខណៈរថយន្តខូចខាតទាំងនេះត្រូវបានចោ.ររាយប៉ាយនៅតាមផ្លូវក្នុងតំបន់ដែលមានមនុស្សកកកុញជិតផ្លូវរថភ្លើង។
បើតាមរបាយការណ៍ថ្មីមួយពីនាយកដ្ឋានដឹកជញ្ជូន Oakland ក៏បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ រថយន្តដែលត្រូវបានចោ.រលួច ហើយទុកចោលតាមផ្លូវមានចំនួនសរុប ១៣,៨៥៦ គ្រឿង។ លោក Noel Gallo សមាជិកក្រុមប្រឹក្សាក្រុងបាននិយាយថា “យើងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ទុករថយន្តខូចខាតទាំងនេះទេ” ហើយកន្លែងសម្រាប់ទុករថយន្តបែបនេះគឺមានកំណត់ និងថ្លៃផងដែរ ព្រោះវាត្រូវជួល ដោយទីក្រុងត្រូវចំណាយប្រាក់ជិតមួយលានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាទុករថយន្តទាំងនេះ។ 
ដូច្នេះហើយ នៅថ្ងៃទី២៤ ខែមីនា ក្រុមប្រឹក្សាក្រុងបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តវិធានការមួយដើម្បីដោះស្រាយបញ្ហា និងការបង្កើតមូលនិធិសម្រាប់ទីក្រុងដើម្បីជួលក្រុមហ៊ុនសណ្តោងក៏ដូចជាការប្រើប្រាស់ដីទំនេរដើម្បីទុករថយន្ត។ បច្ចុប្បន្នអង្គភាពទទួលខុសត្រូវកំពុងជួលអ្នកបច្ចេកទេសត្រួតពិនិត្យបន្ថែមចំនួន ១៥ នាក់ ដើម្បីផ្តោតលើការឆ្លើយតបទៅនឹងរបាយការណ៍នៃរថយន្តដែលត្រូវបានលួច និងបោះបង់ចោល។ ក្រុមនេះកំពុងត្រូវបានបណ្តុះបណ្តាល ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅប៉ុន្មានខែខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកនៅតែមានអារម្មណ៍មិនសប្បាយចិត្ត ដោយអាជីវករម្នាក់បាននិយាយថា៖ សព្វថ្ងៃគាត់មិនអាចចេញពីផ្ទះបានទេ ដោយសាររថយន្តចតពេញមុខផ្ទះគាត់។ បើទោះជាអ្នករាយការណ៍ទៅអាជ្ញាធរ និងទទួលបានការឆ្លើយតបក៏ដោយ ក៏រឿងនេះនូវមិនអាចដោះស្រាយបានភ្លាមៗនោះទេ ហេតុនេះការស្ទះចរាចរណ៍នៅក្នុងទីក្រុងកំពុងជួបការលំបាកខ្លាំង ខណៈអាជ្ញាធរកំពុងដោះស្រាយ និងប្រកាសឱ្យប្រជាពលរដ្ឋមានភាពអត់ធ្មត់៕










