តារាសម្តែងប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជាលោក ខាត់ វៃហាំង ទទួលបានពានរង្វាន់មួយទៀតហើយនៅប្រទេសថៃកាលពីថ្ងៃទី១៨ មីនា ពីកម្មវិធី Asia Top Award2024 ផ្នែក The Best Actor ។ ជោគជ័យនេះ ខាត់ វៃហាំង ក៏មិនភ្លេចអរគុណអ្នកគាំទ្រនិងក្រុមការងារទាំងអស់ ខណៈការរៀបចំរបស់តារាប្រុសរូបនេះមិនភ្លេចបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ។
នៅថ្ងៃទី១៩ មីនា នេះតារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបភាពប៉ុន្មានក្នុងការទទួលពានថ្មីសម្រាប់ខ្លួនដោយភ្ជាប់ជាមួយខ្លឹមសារថា «ពានរង្វាន់ The Best Actor ពីកម្មវិធី Asia Top Award2024 ដែលខ្ញុំបាទទទួលបានស្របពេលដែលតារាមកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ី។ នេះជាពានរបស់អ្នកគាំទ្រផ្តល់ឱ្យ និងសូមអរគុណដល់ស្ថានីយទូរទស្សន៍ភីអិនអិន ម្ចាស់ផលិតកម្ម និងក្រុមការងារថតទាំងអស់គ្នាដែលបានខិតខំយ៉ាងលំបាក នេះក៏ជាសមិទ្ធផលដែលបានពីគាត់ទាំងអស់គ្នា»។ កម្មវិធីនេះមានសិល្បករមកពីបណ្តាប្រទេសនានារួមមានកម្ពុជា ថៃ វៀតណាម ឡាវ កូរេ ចិន មីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀត នៅSiam Paragon ទីក្រុងបាំងកក ប្រទេសថៃ

ការទទួលពាន The Best Actor តារាសម្តែងរូបសង្ហា ខាត់ វៃហាំង បានរៀបចំយ៉ាងសមសួន ជាមួយខោពណ៌ខ្មៅ និងអាវពណ៌ស អមជាមួយក្រវាត់កក្បូរក្បាច់យ៉ាងស្រស់ស្អាត រួមទាំងរំលេចទង់ជាតិខ្មែរផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ តារាសម្តែងរូបនេះ ក៏ទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមាន ប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023 ផងដែរ។ ខាត់ វៃហាំង ជាតារាសម្តែងប្រុសម្នាក់ដែលទទួលបានពានរង្វាន់ទាំងជាតិនិងអន្តរជាតិ ខណៈលោកបានលេចមុខទាំងកម្មវិធីជាតិនិងអន្តរជាតិជាតិតំណាងឱ្យប្រទេសកម្ពុជាក្នុងនាមជាតារាសម្តែងប្រុស។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៩ មីនា តារាសម្តែង ខាត់ វៃហាំង ក៏នឹងចូលរួមសម្ពោធភាពយន្ត ប្រុសលក់ខ្លួន នៅប្រទេសថៃដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនថៃផងដែរ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង បៃ តាកន(Paing Takhon) ក៏នឹងចូលរួមដូចគ្នា៕










