ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។
ដោយក្នុងនោះ ពលរដ្ឋអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។
ការទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក នឹងមិនគិតកម្រៃសេវានោះទេ ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។
គួរបញ្ជាក់ថា កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយប្រវត្តិនៃការដាក់ឈ្មោះរៀលនេះ ត្រូវបានប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីមេគង្គរៀល នៃទន្លេមេគង្គ៕










