នៅពេលដែលអ្នកឡើងជិះយន្តហោះទៅតំបន់ផ្សេង ហើយអ្នកបានទិញ ឬទទួលទានអាហារពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នោះ ភាគច្រើនអ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថា អាហារទាំងនោះមិនសូវមានរសជាតិឆ្ងាញ់នោះទេ ដោយពេលខ្លះវាមានរសជាតិប្រៃខ្លាំង ឯពេលខ្លះទៀតវាក៏មានរសជាតិផ្អែមខ្លាំង។ ដូច្នេះតើនេះគឺដោយសារមូលហេតុអ្វី ឬដោយសារថវិការបស់ក្រុមហ៊ុនអាកាសចរណ៍មានកំណត់ ឬយ៉ាងណា?
សម្រាប់មូលហេតុបើយោងតាមការស្រាវជ្រាវពីបរទេសបានបង្ហាញថា ប្រសិនបើយើងហោះនៅក្នុងរយៈកម្ពស់ជាង ៩០០០ ម៉ែត្រកោសិកានៅលើអណ្តាត នឹងបានបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការចាប់យករសជាតិពីអាហារ មូលហេតុគឺដោយសារសម្ពាធបរិយាកាស។ សាស្ត្រាចារ្យ Charles Spence អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាពិសោធន៍មកពីសាកលវិទ្យាល័យ Oxford ក៏បាននិយាយដែរថា អាហារ និងភេសជ្ជៈនៅលើយន្តហោះ ភាគច្រើនតែងមានរសជាតិខុសពីអ្វីដែលយើងញ៉ាំនៅលើដី។ 
មូលហេតុចម្បងគឺមកពីកត្តាជាច្រើនដូចជា សំណើម សម្ពាធខ្យល់ និងសំលេងរំខាននៅខាងក្នុងកាប៊ីន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្ពាធដែលយន្តហោះបង្កើតឡើងនេះ មិនមានលក្ខណៈប្រសើរសម្រាប់មនុស្ស ដូចសម្ពាធនៅលើដីធម្មតានោះទេ។ ម្យ៉ាងវិញទៀត កម្រិតសំណើមបរិយាកាស ក៏ជាកត្តាមួយដែលមានឥទ្ធិពលទៅកាន់ការភ្លក់ ឬហូបចំណីអាហារផងដែរ។
សាស្ត្រាចារ្យ Charles Spence បានបន្តទៀតថា ពេលសំណើមបរិយាកាសមានមិនគ្រប់គ្រាន់នោះ វាក៏អាចធ្វើឱ្យបំពង់ខ្យល់របស់អ្នកស្ងួតជាងធម្មតា មានន័យថាការស្រង់ក្លិនពីអាហារមានការកាត់បន្ថយ។ មនុស្សមួយចំនួនអាចដឹងបានថា ក្លិនជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនរសជាតិអាហារ។ ពេលខ្លះទៀតសំឡេងរំខានពីម៉ាស៊ីនយន្តហោះធំៗ និងសម្លេងពីអ្នកអង្គុយនៅជិតក៏អាចជះឥទ្ធិពលលើការហូបចុករបស់អ្នកផងដែរ។
កត្តាចុងក្រោយមួយទៀតគឺ ការចម្អិនអាហារជាលក្ខណៈទ្រង់ទ្រាយធំ ពេលខ្លះសម្រាប់មនុស្សរាប់រយនាក់នៅលើយន្តហោះតែមួយ។ ការចម្អិនត្រូវបានគេធ្វើឡើងនៅលើដី បន្ទាប់មកត្រូវវិចខ្ចប់ដែលធ្វើឱ្យវាត្រជាក់មុនពេលឡើងយន្តហោះ។ នៅពេលអ្នកឡើងលើយន្តហោះ គេចាប់ផ្តើមកម្តៅអាហារក្នុងប្រអប់ទាំងនោះឱ្យក្តៅមកវិញ ដែលសកម្មភាពទាំងនេះក៏អាចកាត់បន្ថយរសជាតិអាហារដូចគ្នា។ ហេតុដូចនេះហើយទើបក្រុមហ៊ុនផលិតអាហារសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចាំបាច់ត្រូវបន្ថែមគ្រឿងផ្សំច្រើនជាងធម្មតាទៅក្នុងអាហារដែលគេចម្អិនសម្រាប់អ្នកជិះយន្តហោះ៕










