ចេញពីទឹកដីខេត្តសៀមរាបបេក្ខភាព Universal Women កំពុងស្ថិតនៅលើទឹកដី «តារារះនាទិសនិរតី» ខេត្តព្រះសីហនុ ពោរពេញដោយភាពសប្បាយរីករាយក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ អ៊ូ ធីតា ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ បេក្ខភាព Universal Women បានចូលរួមបង្ហោះគោម បាញ់កាំជ្រួច លេងល្បែងប្រជាប្រិយខ្មែរ ថតរូបនៅសំណាកព្រះថោងនាងនាគ និងបន្តដំណើរទៅកាន់កោះរ៉ុង។
កម្មវិធីប្រកួត Universal Women លើកទី២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកទាំងក្នុងប្រទេសនិងក្រៅប្រទេសជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកពីកម្មវិធីនេះនៅលើបណ្តាញសង្គមរបស់សម្តេចដូចគ្នា ខណៈការប្រកួតនេះមានបេក្ខនារីជាង៥០ប្រទេសមកពីជុំវិញពិភពលោក។ 
នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅថ្ងៃទី១៩ ខែមីនា នេះថា « ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា»។
តាមរយៈសកម្មភាពរបស់បេក្ខភាពចូលរួមគឺពោរពេញដោយភាពសប្បាយរីករាយក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ អ៊ូ ធីតា ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុផ្ទាល់ដោយផ្តល់សឹង និងគន្លាក់ផ្ការំដួលទៅដល់បេក្ខភាពជាវត្ថុអនុស្សាវរីយ៍ផងដែរ។
គួរបញ្ជាក់ថា មុនទៅដល់ទឹកដីខេត្តព្រះសីហនុ បេក្ខភាព Universal Women បានគ្រងឈុតអប្សរាខ្មែរដ៏ស្រស់ស្អាតបញ្ចេញសម្រស់ដ៏ល្អឯកនៅទីតាំងប្រាសាទអង្គរវត្ត ខេត្តសៀមរាបដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ កម្មវិធីនេះ អ្នកនាង ប្រាសាទ ដាវីន គឺជាអ្នករៀបចំការប្រកួតផងដែរ៕










