ពលរដ្ឋកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីពាក្យ «ខេត្តសៀមរាប និង សៀមរាប» ជាភាសាខ្មែរស្វែងរកនៅលើបណ្តាញសង្គមទិកតុកលែងឃើញត្រូវក្រុមហ៊ុនបិទចោល(Banned) ដោយបញ្ជាក់ថាទាក់ទងនឹងអាកប្បកិរិយាការស្អប់ខ្ពើម។ រឿងដ៏ក្តៅគគុកនេះត្រូវបានជាប្រជាពលរដ្ឋគិតថាជាទង្វើរបស់ប្រទេសជិតខាង ព្រមទាំងស្នើសុំដល់ក្រសួងពាក់ព័ន្ធមានវិធានការណ៍លើរឿងជួយឱ្យពាក្យនេះប្រើប្រាស់បានឡើងវិញ។
ទាំងកណ្តាលរាត្រី មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំងព្រោះស្ទើរតែមិនគួរឱ្យជឿពេលវាយពាក្យថា «សៀមរាប» ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុក(TikTok) បែរជាត្រូវក្រុមហ៊ុនបិទចោលទាំងដែលពាក្យ សៀមរាប នៅលើប ណ្តាញសង្គមទិកតុកប្រើបានជាយូរឆ្នាំមកហើយ។ ពាក្យ សៀមរាប ជាភាសាខ្មែរ នៅលើទិកតុកមិនចេញអ្វីនោះទេ តែបើពាក្យនេះជាភាសាអង់គ្លេសទើបចេញជាវីដេអូផ្សេងៗ។
ពាក្យ «ខេត្តសៀមរាប» និង «សៀមរាប» ត្រូវបានក្រុមហ៊ុនយក្សមួយនេះលុបចេញឬ Banned ចេញពី search keywords ដោយបញ្ជាក់ថាពាក្យនេះ ទាក់ទងនឹងអាកប្បកិរិយាការស្អប់ខ្ពើម ហើយក្រុមហ៊ុនត្រូវការការពារសហគមន៍ពីការសាបព្រួសទង្វើស្អប់ខ្ពើម។
រឿងរ៉ាវដ៏ក្តៅគគុកនេះដែរ ពលរដ្ឋប្រើបណ្តាញសង្គមកម្ពុជាសង្ស័យថាជាទង្វើរបស់ប្រទេសជិតខាងដែលតែងតែច្រណែនមកលើកម្ពុជាមិនចេះចប់ អស់ពីមួយរឿងចូលមួយរឿង។ ជាមួយគ្នានេះពលរដ្ឋកម្ពុជាស្នើសុំរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធជួយសង្គ្រោះ Keywords ខេត្តសៀមរាប ដើម្បីឱ្យបានប្រើប្រាស់វិញផង ការដែលពាក្យខ្មែរត្រូវក្រុមហ៊ុនបិទដូចនេះប្រៀបដូចជាមិនឱ្យតម្លៃអក្សរសាស្រ្តខ្មែរយើងដែលអាចមានជនខិលខូចប្រើល្បិចពីលើ។
ខេត្តសៀមរាប គឺស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាហើយសព្វថ្ងៃខេត្តនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា។ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តនេះមានប្រាសាទបុរាណដទៃទៀតជាច្រើន។ 
គួររម្លឹកផងដែរថា អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងជាតិសាសន៍មួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់ខ្លបខ្លាច។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គចន្ទរាជា បានធ្វើចម្បាំងជាមួយកងទ័ពសៀម ដើម្បីបណ្ដេញឱ្យពួកសៀមចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យយ៉ាងធំធេងហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរលើពួកសៀម៕










