ប្រទេសចិន ៖ លោកគ្រូពេទ្យចិនម្នាក់ឈ្មោះ Lu Zhizheng អាយុ១០៤ឆ្នាំ (កើតនៅឆ្នាំ១៩២០) ត្រូវបានមហាជនស្គាល់ថា លោកជាគ្រូពេទ្យបុរាណចិន ។ លោកបានរៀបរាប់ពីអាហារចំនួន២មុខ ដែលជួយឱ្យលោកមានសុខភាពរឹងមាំល្អ និងអាយុវែង ហើយលោកអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាពថែមទៀត ដូចជា ៖ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺមួយចំនួនធំ រហូតដល់លោកមានអាយុជាង៨០ឆ្នាំ ។
តើលោក Lu Zhizheng បានបរិភោគអាហារអ្វីខ្លះ ទើបលោកមានអាយុវែងបែបនេះ?
១-បរិភោគខ្ញី ៖ លោក Lu Zhizheng ប្រាប់ថា លោកតែងតែហាន់ខ្ញី និងយកវាទៅត្រាំក្នុងទឹកខ្មេះ ។ បន្ទាប់មក លោកបរិភោគវាចាប់ពី២ដុំ ទៅ៣ដុំ ជារៀងរាល់ព្រឹក ហើយលោកមានទម្លាប់បរិភោគបែបនេះ អស់រយៈពេលជាង៤០ឆ្នាំ ។
បើតាមការស្រាវជ្រាវ និងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រលើពិភពលោក បញ្ជាក់ថា ខ្ញី គឺជាអាហារសុខភាពដែលមានសារធាតុ Gingerol អាចប្រឆាំងនឹងការរលាកយ៉ាងមានប្រសិទ្ធភាព ព្រមទាំងប្រឆាំងជាមួយអុកស៊ីតកម្មយ៉ាងខ្លាំង ។ ហេតុនេះ ការបរិភោគខ្ញី អាចជួយការពារការឆ្លងជំងឺបានយ៉ាងមានប្រសិទ្ធភាព ។
ការស្រាវជ្រាវអំពីខ្ញីបង្ហាញទៀតថា ការបរិភោគខ្ញី ចាប់ពី១ក្រាម ទៅ៣ក្រាម ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១២សប្តាហ៍ វានឹងជួយកាត់បន្ថយកម្រិត C-reactive (CRP) ក្នុងរាងកាយ ដែលជាសញ្ញានៃជំងឺបេះដូង និងសរសៃឈាម ។ លើសពីនេះ វាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដោយកាត់បន្ថយការរលាករ៉ាំរ៉ៃ, បន្ថយសម្ពាធឈាម, បន្ថយកូលេស្តេរ៉ុល, ការពារការកកឈាម និងធ្វើឱ្យចរន្តឈាមរត់បានល្អ ។
ក្រៅពីនេះ ការបន្ថែមខ្ញីទៅក្នុងម្ហូបអាហារ វានឹងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ និងអ្នកជំងឺធាត់ផងដែរ ។ បើតាមការស្រាវជ្រាវមួយទៀតបង្ហាញថា ខ្ញីអាចជួយគ្រប់គ្រងការឡើងទម្ងន់បាន ដោយសារខ្ញីបានបង្កើននូវកំដៅក្នុងរាងកាយ, ជួយកម្ចាត់ខ្លាញ់ និងជួយកាត់បន្ថយការស្រេកឃ្លាន ។
២-ចូលចិត្តផឹកទឹកតែ ៖ លោក Lu Zhizheng ធ្លាប់ប្រាប់ថា លោកមានទម្លាប់ផឹកទឹកតែ ចំនួន៣កែវក្នុង១ថ្ងៃ គឺលោកផឹកតែបៃតង ពេលព្រឹក, ផឹកតែអ៊ូឡុង ពេលរសៀល និងផឹកតែភូអ័រ ពេលល្ងាច ។ ទោះយ៉ាងណា លោកប្រាប់ថា ពុំគួរឆុងតែឱ្យខាប់ពេកទេ ដោយសារទឹកតែខាប់មានផ្ទុកអាស៊ីតតានីកច្រើន ហើយមនុស្សចាស់ពុំគួរផឹកតែខាប់ទេ ។
ទឹកតែ ផ្ទុកទៅដោយសារធាតុប៉ូលីហ្វេណុល, កាហ្វេអ៊ីន, ធានីន និងសារធាតុផ្សេងទៀត ដែលផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ ដូចជា ៖ កាត់បន្ថយការរលាក និងជួយប្រឆាំងជំងឺមហារីក ជាពិសេស តែបៃតង មានសារធាតុកាតេឈីន ដែលប្រឆាំងនឹងអុកស៊ីតកម្មតាមធម្មជាតិ និងការពារការខូចខាតកោសិកា ។ ហេតុនេះ វាអាចការពារជំងឺរ៉ាំរ៉ៃ និងធ្វើឱ្យយើងកាន់តែមានអាយុវែង ៕










