តារាចម្រៀង សាយ បានទម្លាយរឿងឈឺចាប់របស់ខ្លួនកាលពី១៤ឆ្នាំមុននៅក្នុងបទសម្ភាសមួយអំឡុងពេលបានទៅចូលរួមក្នុងកម្មវិធី Exchange មួយក្នុងន័យការទូតកាលពីឆ្នាំ២០១០ហើយត្រូវបានប្រទេសជិតខាងសួរបែបឌឺដងថា «ខ្មែរមានវប្បធម៌ផូរផង់ តើសិល្បករចេះតែងចម្រៀងឬនៅ?»។ អំឡុងពេលនោះលោកឈឺចាប់ណាស់ប៉ុន្តែមិនអាចឈ្លោះទាស់ទែងជាមួយគេបាននោះទេព្រោះត្រូវរក្សាឥរិយាបថទំនាក់ទំនង។
នៅក្នុងកម្មវិធីមួយដែលមានការចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក អ៊ួន បឋម ហៅ សាយ បានទម្លាយពីរឿងរ៉ាវផ្សេងៗហើយក្នុងនោះលោកក៏បានទម្លាយពីភាពឈឺចាប់កាលពី១៤ឆ្នាំមុនត្រូវប្រទេសជិតខាងផ្លែផ្កាសិល្បករខ្មែរមិនចេះតែងចម្រៀង Copy បទតែរបស់គេ។.png)
សាយ បាននិយាយថា ក្នុងឆ្នាំ២០១០ប្រទេសជិតខាងបានសួរលោកថា «ឃើញវប្បធម៌របស់អ្នកឯងផូរផង់ណាស់តើឥឡូវហ្នឹងសិល្បករអ្នកឯងចេះតែងចម្រៀងឬនៅ?» ។ សាយរៀបរាប់ប្រាប់ក្នុងកិច្ចសម្ភាសថា ចៃដន្យពេលនោះលោកក៏មានចម្រៀងក្នុងដៃពីបងៗដែលឱ្យលោក ហើយលោកបានឆ្លើយតបវិញថា យើងចាប់ផ្តើមចេះហើយ និងមានបទហើយ។ អ្នកជិតខាងដែលសួរនោះបាននិយាយថាគេមិនដែលឮនោះទេ។ ពេលនោះលោកខឹងមែនទែន លោកបានទៅក្នុងកម្មវិធី Exchange ក្នុងន័យការទូតយើងមិនអាចទៅឈ្លោះជាមួយគេបានទេ ដោយរក្សាឥរិយាបថទំនាក់ទំនង លោកក៏សុំអនុញ្ញាតិពេលមានការសម្តែងលោកបានឡើងច្រៀងលេងហ្គីតាលេងបទរបស់យើង ដែលចង់បង្ហាញថាយើងអាចតែងបទចម្រៀងបានហើយប៉ុន្តែគ្រាន់តែពេលនោះមិនមែនជាការសម្តែងលក្ខណៈបែបផ្លូវការ។ សាយ ថាពេលមានឱកាសលោកលេងភ្លេងបទចម្រៀងរបស់ខ្លួនដើម្បីឱ្យគេដឹងថាលោកម្នាក់ក៏អាចតែងភ្លេងនិងច្រៀងបានដូច្នេះចង់បញ្ជាក់ថាប្រទេសលោកក៏អាចនិពន្ធចម្រៀងបានដូចគ្នា។ ប៉ុន្តែពេលនោះលោកមិនអាចប្រកែកជាមួយគេបានដោយសារតែបទល្បីៗពេលហ្នឹងចេញពីស្រុកខ្មែរទៅដល់ស្រុកគេសុទ្ធតែCopy ពីគេ។

គេចាំបានថា កាលពីខែមេសា ឆ្នាំ២០២៣ សាយ ក៏បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោកស្លៀកឈុតបុរាណខ្មែរផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត “កម្មវិធី រត់ និងជិះកង់” ស្វែងរកថវិកាបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរត្រូវបានអ្នកជិតខាងកម្ពុជាចូលមកវាយប្រហារលោកចោទថាលួចចម្លងសំលៀកបំពាក់គេ។
សាយ គឺជាសិល្បករម្នាក់ត្រូវបានទស្សនិកជនកោតសរសើរ និងលើកជាតារាគំរូមួយរូបដែលបានលះបង់ច្រើនដើម្បីកុមារកម្ពុជាដោយបង្កើតយុទ្ធាការរត់រៃអង្គាសប្រាក់ជួយទៅដល់មន្ទីរពេទ្យបានយ៉ាងច្រើនសន្ធឹកសន្ធាប់៕










