សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចបានចាប់ខ្លួនបុរស២នាក់ នៅរដ្ឋ Georgia សហរដ្ឋអាមេរិក ក្នុងនោះម្នាក់ឈ្មោះ Stephen Glosser អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Caleb Kinsey អាយុ៣៤ឆ្នាំ ពីករណីដាក់ គ្រា.ប់.បែ.ក ផ្ទុះ និងព្រលែងសត្វពស់ក្នុងផ្ទះមិត្តស្រី ដើម្បីសងសឹកក្រោយពីនាងសុំបែកគ្នា ។:max_bytes(150000):strip_icc():focal(748x317:750x319)/georgia-home-explosion-arrests-tout-030824-ad09b9d4404c4d0c8d94d792d66e4791.jpg)
សមត្ថកិច្ចនិយាយថា លោក Stephen Glosser បានជួបមិត្តស្រីរបស់ខ្លួនជាលើកដំបូងតាមរយៈវែបសាយស្វែងរកគូស្រករ ប៉ុន្តែក្រោយមក ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានផ្លាស់ប្តូរ និងចែកផ្លូវគ្នាដើរ ហើយខាងស្រីក៏បានផ្តាច់រាល់ការទំនាក់ទំនងទាំងអស់ ។ ហេតុនេះ ធ្វើឱ្យលោក Stephen Glosser មានគំនុំចង់សងសឹក ហើយលោកក៏រៀបគម្រោងដាក់គ្រាប់បែកនៅផ្ទះមិត្តស្រីតែម្តង ។
លោក Stephen Glosser និងលោក Caleb Kinsey ត្រូវប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗ ដូចជា ៖ ការដើរតាមឃ្លាំមើលមិត្តស្រី, ការឃុបឃិតគ្នាដាក់គ្រាប់បែកដើម្បីប្រព្រឹត្តបទល្មើស, ការប្រើប្រាស់គ្រឿងផ្ទុះដើម្បីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងការកាន់កាប់ឧបករណ៍មិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ។
សមត្ថកិច្ចលើកឡើងថា បុរសទាំង២នាក់នេះត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមទៀត ដោយសារពួកគេបានយកខ្មោចកណ្តុរ និងលាមកឆ្កែទៅដាក់នៅផ្ទះមិត្តស្រី ។ ចំណែកបទល្មើសធ្ងន់ធ្ងរជាងនេះ គឺពួកគេមានគម្រោងព្រលែងពស់ថ្លាន់ដ៏ធំក្នុងផ្ទះមិត្តស្រី ដើម្បីឱ្យពស់លេបកូនស្រីរបស់នាងទាំងរស់ ។ សមត្ថកិច្ចបន្តថា សំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសដោយសារគ្រាប់បែកផ្ទុះទេ ។
តុលាការបញ្ជាក់ថា បុរសទាំង២នាក់បានតាមឃ្លាំមើលនារីរងគ្រោះ ចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងសម្លាប់, ធ្វើបាប និងគំរាមកំហែង ។ ហេតុនេះ ការឃុបឃិតគ្នាប្រព្រឹត្តបទល្មើសរបស់ពួកគេ នឹងជាប់ពន្ធនាគារមិនលើសពី២០ឆ្នាំ និងបន្ថែមរយៈពេលជាប់ពន្ធនាគារ១០ឆ្នាំទៀត សម្រាប់ការប្រព្រឹត្តបទល្មើសប្រើគ្រាប់បែកផ្ទុះ ។
ចំណែកនារីជនរងគ្រោះឈ្មោះ Larissa Apperson និយាយថា នាង និងកូនស្រី បានមករស់នៅផ្ទះថ្មីមិនបាន១២ម៉ោងផង ស្រាប់តែកើតហេតុការណ៍ផ្ទុះគ្រាប់បែក ។ នាងថា ៖ «ផ្ទះនៅមាត់បឹង Demeries នេះ គឺជាផ្ទះក្នុងក្តីសុបិនរបស់ខ្ញុំ ។ ខ្ញុំសោកស្តាយយ៉ាងខ្លាំងជាមួយរឿងរ៉ាវដែលកើតឡើងនេះ ហើយខ្ញុំមិនចង់ជឿទេ» ។ ចុងក្រោយ នាងប្រាប់ថា នាងគ្រោងសាងសង់ឡើងវិញសម្រាប់ផ្នែកខ្លះនៃផ្ទះដែលបានបំផ្លាញ ៕










