កោះហាន ដែលមានទីតាំងស្ថិតនៅក្នុងឃុំកោះស្នែង ដែលយើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តទៅកាន់កោះស្នែង។
កោះហានហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ឆ្នេរខ្សាច់សរក្បុស ទឹកត្រជាក់ថ្លាឆ្វង់ ជាផ្ទៃទឹកនៃតំបន់អភិរក្សជីវចម្រុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គ។ ទេសភាពនៅលើកោះនេះទៀតសោតគឺពិតជាល្អឯក គួរឲ្យចង់គយគន់ លោកអ្នកនឹងទទួលបាននូវខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយ ដែលវាពិតជាសាកសមណាស់សម្រាប់ស្រលាញ់អ្នកធម្មជាតិ។
នៅលើកោះនេះ អ្នកទាំងអស់គ្នាគឺអាចរីករាយជាមួយនឹងសកម្មភាពសប្បាយៗជាច្រើន ដូចជាទស្សនាព្រៃលិចទឹក ទស្សនាសត្វស្លាប ជីវចម្រុះ និងតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គ ឡើងភ្នំ ជិះកៃយ៉ាក់ បោះតង់ មើលថ្ងៃរៀបលិច ពិសារអាហារឆ្ងាញ់ៗប្រចាំតំបន់ដែលរៀបចំដោយបងប្អូនសហគមន៍ផ្ទាល់ ផ្ទះសហគមន៍ និងរៀនសូត្រពីជីវិតរស់នៅប្រចាំថ្ងៃរបស់ស្រុកទីនោះជាដើម។
ដូច្នេះហើយ ភ្ញៀវទេសចរគ្រប់ៗរូបគឺអាចមកលេងកោះហាន នៅលើទឹកដីនៃខេត្តស្ទឹងត្រែងនេះបាន ធានាថានឹងទទួលបាននូវដំណើរកម្សាន្តមួយដ៏រីករាយនិងបទពិសោធន៍ថ្មីមិនអាចបំភ្លេចបាន៕










