មិនមែនជាលើកទី១នោះទេដែលមានអ្នកមួយចំនួនបរិភោគសត្វសុនក ឬអ្នកខ្លះហៅថាសាច់ពិសេស ហើយថែមទាំងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានក្រុមអ្នកស្រលាញ់សត្វចិញ្ចឹមមិនពេញចិត្តបញ្ចេញប្រតិកម្ម។ ជាក់ស្តែង ករណីថ្មីៗនេះបានកើតឡើងទៅលើនារីខ្មែរម្នាក់ដែលបកប្រែនៅកូរ៉េបានបង្ហោះសត្វសុនកនៅលើបណ្តាញសង្គមជាហេតុរងនូវមតិរិះគន់យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែសម្តីរបស់នារីរូបនេះឆ្លើយតបមិនសំចៃដូចគ្នាទៅកាន់អ្នករិះគន់ខ្លួននោះធ្វើឱ្យតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង កែវ សុបញ្ញា ចេញមករិះគន់ប៉ុន្មានម៉ាត់ដូចគ្នាដោយសម្តីចុកៗ។
នៅក្នុងគ្រុប «ក្រុមអ្នកស្រលាញ់សត្វ&ចូលចិត្តអាណិតឆ្កែគ្រប់ប្រភេទ» និងនារីខ្មែរម្នាក់ដែលធ្វើការបកប្រែនៅកូរ៉េមានឈ្មោះបណ្តាញសង្គមថា «Lee DaBin កូនខ្មែរបកប្រែនៅកូរ៉េ » បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដែលនារីរូបនេះ ត្រូវរងនូវការជេរស្តីទក់សាច់ដោយសារតែបង្ហោះសត្វសុនកនៅលើបណ្តាញសង្គម។
បន្ទាប់ពីត្រូវគេជេរយ៉ាងដំណំ នារីរូបនេះបានចេញវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបាននិយាយថា គ្រាន់តែបង្ហោះសត្វពិសេសយកមកស្លរក៏ខម្មិនជេរដែរ អ្នកដែលខម្មិនជេរខ្លួនគឺអត់មានខួរ នាងហូបអ្វីគឺជាសិទ្ធិរបស់នាងមិនមែននាងមិនដឹងថានៅស្រុកខ្មែរគេហាមមិនឱ្យហូបឡើយ។ នារីរូបនេះបាននិយាយទៀតថា អ្នកដែលខម្មិនជេរនាងស្រួលមិនស្រួលគ្មានលុយទិញសាច់សុនកហូបផងក៏មិនដឹងដោយសារតែសត្វនេះថ្លៃ ដោយនាងបញ្ជាក់ក្នុងវីដេអូថា១គីឡូ១៥០០០រៀល។
រូបនាងបន្តទៀតថា មិចធ្វើដល់អ្នកគ្រូហ្នឹងហូបសាច់ពិសេសមិនបានឬយ៉ាងណា ទម្លាប់នាងគឺហូបតាំងពីតូចៗមកម្ល៉េះដោយសារតែគ្រួសារក្រីក្រមានបងប្អូនច្រើន មិនថាសត្វឆ្កែ កណ្តុរ ពស់ អណ្តើកគឺហូបទាំងអស់ដោយសារតែផ្ទះជាប់បឹង ជាប់ទន្លេមិនខ្វះទេរបស់អស់ទាំងនេះគឺនាងហូបទាំងអស់។
ជាមួយគ្នានេះ នារីខ្មែរបកប្រែនៅកូរ៉េរូបនេះលើកឡើងទៀតថា នៅកូរ៉េ ក៏គេហូបសាច់សុនកនេះដូចគ្នាមានទាំងហាងផង អ្នកខ្លះចេះហូប អ្នកខ្លះក៏មិនចេះហូប ហើយសាច់នៅឆ្កែកូរ៉េមិនឆ្ងាញ់ដូចជានៅស្រុកខ្មែរនោះទេ។ នារីដដែល លើកឡើងទៀតថា អ្នកជេរនាងកុំជេរដល់ឪពុកម្តាយនាងប្រយ័ត្នធ្លាក់នរកព្រោះម្តាយនាងកាន់សីល ហើយគាត់មិនពិសារសាច់នេះដូចគ្នា តែក៏មិនហាមឃាត់កូនៗដែរគ្រាន់តែឪពុកទិញសាច់ឱ្យកូនហូបក៏ជេរដែរ។
ពាក្យសម្តីរបស់នារីរូបស្រស់បរិភោគសាច់ពិសេស ខាងលើនេះរឹតតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាអ្នកស្រលាញ់សត្វចិញ្ចឹមរិះគន់កាន់តែខ្លាំងហើយពួកគេបានចែកចាយពេញបណ្តាញសង្គម។
ជុំវិញរឿងក្តៅគគុកនេះដែរ តារាចម្រៀង ជី ដេវីត ក៏បានបញ្ចេញមតិរិះគន់នារីរូបនេះដែរថា
«អត់ដឹងសាច់ថ្លៃឬអត់ទេ តែដឹងថាអ្នកស៊ីវាថោក»។ ចំណែកឯតារាចម្រៀងក្នុងទ្រនំហង្សមាស កែវ សុបញ្ញា វិញក៏បានបញ្ចេញមតិដូចគ្នាថា «បើមិនមានអ្នកស៊ី ក៏គ្មានអ្នកចាប់លក់ដែរ.ខ្លួនធ្វើដល់គ្រូតែខួរមិនស្មើរនឹងសត្វ»៕










