លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai មន្ត្រីនាយកដ្ឋានក្រសួងសុខាភិបាលថៃលើកឡើងថា បច្ចុប្បន្ននេះ គ្រួសារជាច្រើនតែងតែចិញ្ចឹមកូនដោយប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ឬបណ្តោយឱ្យកូនប្រើប្រាស់បច្ចេកវិទ្យានៅលើឧបករណ៍ផ្សេងៗ ដូចជា ៖ ទូរស័ព្ទដៃ និងថេបប្លេត ឬឱ្យកូនមើលទូរទស្សន៍ពេញមួយថ្ងៃ ដើម្បីឱ្យកូននៅស្ងាត់ស្ងៀម ឬឈប់យំ ។

ហេតុនេះ វាជាទង្វើពុំគួរធ្វើទេ ពីព្រោះកុមារមានអាយុក្រោម២ឆ្នាំ ពួកគេមិនគួរលេងឧបករណ៍ទាំងនេះជាដាច់ខាត ដោយសារវាធ្វើឱ្យខួរក្បាលកុមារអភិវឌ្ឍយឺតយ៉ាវ ។ ចំណែកទារកទើបនឹងកើត រហូតដល់អាយុ៣ឆ្នាំ គឺជាវ័យសំខាន់បំផុតក្នុងការរៀនសូត្រ ពីព្រោះខួរក្បាលកុមារនឹងអភិវឌ្ឍន៍ខ្លាំងបំផុត ហើយបរិស្ថាននៅជុំវិញនឹងជំរុញដល់ការអភិវឌ្ឍខួរក្បាលកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhbZxbMpwSRyRP3GCt20zqPCfudOukvjISHvcvcxS8WBmMqLS9GJQcl0vIaoMSW8fTRSJ-2bYF4al657TEqllPndml3epLshvnt5pP9IPDHfXnUiuqi3neTVFjfCYcWyb74_sdbnQeyrLfaslobxuROcLleAeUuZ8UpuuA2D4DpfzbN12ozUwqv7vgo8/s976/_99510620_041363911-1.jpg

លោកវេជ្ជបណ្ឌិត Suwanchai លើកឡើងថា បើឪពុក-ម្តាយបណ្តោយឱ្យកូនប្រើប្រាស់ឧបករណ៍ទាំងនេះច្រើនពេក ដោយពុំបានកំណត់ពេលវេលាលេង ឬបណ្តោយឱ្យកូនមើលអ្វីមិនសមរម្យ វានឹងធ្វើឱ្យប៉ះពាល់ជាច្រើនផ្នែក រួមមាន ៖

១-ផ្នែកទំនាក់ទំនង ៖ វានឹងបណ្តាលឱ្យកុមារចេះនិយាយយឺត, និយាយមិនច្បាស់, ខ្វះការច្នៃប្រឌិត ។ ការសម្លឹងមើលកញ្ចក់ទូរស័ព្ទយូរពេក វានឹងធ្វើឱ្យប៉ះពាល់ដល់ភ្នែកកុមារផងដែរ ដូចជា ៖ ភ្នែកមើលឃើញមិនបានឆ្ងាយ ឬភ្នែកស្ងួត ជាដើម ។

២-ផ្នែករាងកាយ ៖ រាងកាយរបស់កុមារនឹងមិនរឹងមាំ, ឆាប់នឿយហត់, ខ្វះការធ្វើចលនា ឬអាចធ្វើឱ្យកុមារខ្ជិលច្រអូសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5n_bFy7WG7IIcHHQqWmH_-XvJIVFvUeU1PHtnTc7w1Y2s8e8Yxp1NLntdEaZB2J-jSouhFs9aClBH3JppkxDyQSGH4hD04WZzwkmPkRofX31Z9DyobzTYFgFp9rPfDvTK6vckRsldwBNr7IzSxQHXqCGgnSjakNuFoMvGlwvHVapfr2S6r4lC6aMOMRY/s1920/Hero_Final.jpg

៣-ផ្នែកអារម្មណ៍ ៖ កុមារនឹងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ពីព្រោះពួកគេមិនអាចបែងចែករវាងពិភពលោកក្នុងអ៊ីនធើរណេតជាមួយពិភពលោកពិតប្រាកដបាន ។ ហេតុនេះ ពួកគេនឹងឆាប់ខឹង, មិនចេះរង់ចាំ, ខ្វះការផ្តោតអារម្មណ៍ ឬខ្វះការតាំងចិត្តធ្វើការងារអ្វីមួយ ។

៤-ផ្នែកអាកប្បកិរិយា ៖ កុមារនឹងមានចរិតឆេវឆាវ, មិនស្តាប់បង្គាប់ចាស់ទុំ, ជាក្មេងឌឺ, ចូលចិត្តប្រកែក, ធ្វើអ្វីតាមចិត្ត និងទំនាក់ទំនងតិចជាមួយមនុស្សនៅជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3lJVk9QF7agW2FljuBJefBbtHeZ3cJX-cYT_J2cQsuzyhc0SXoZ2oxC4jTtVxIHbE80elP9jD0iV6lM8Paj-M8LzqRXW-R5V_xW87yZd_mQnzyOcpmyjPQ672ctv4L2INNZld6OShoe5yYGUlbivD_l0wTZUkopjIWi6ZSDLEbp7wTgBl_wF1-K7WtM/s1200/should-kids-have-cellphones-at-school.jpg

ពេលវេលាសមស្របក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក គឺឪពុក-ម្តាយត្រូវគិតពីអាយុកូនជាចម្បង គឺបើកុមារអាយុក្រោម២ឆ្នាំ គួរតែចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ។ រីឯកុមារមានអាយុចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំ ត្រូវកំណត់រយៈពេលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក មិនគួរលើសពី១ម៉ោងទេក្នុង១ថ្ងៃ ។ លើសពីនេះ យើងគួរជ្រើសរើសកម្មវិធី ឬបណ្តាញសង្គមណាមានគុណភាព និងសមរម្យជាមួយវ័យកុមារ ។ នេះបើតាមលោកវេជ្ជបណ្ឌិត Suwanchai មន្ត្រីនាយកដ្ឋានក្រសួងសុខាភិបាលថៃ ។

លោកវេជ្ជបណ្ឌិត Suwanchai បន្តថា ចំណុចសំខាន់ គឺឪពុក-ម្តាយ ឬអាណាព្យាបាល គួរចៀសវាងបណ្តោយឱ្យកូនលេងទូរស័ព្ទដៃ ឬឧបករណ៍ផ្សេងទៀតដើម្បីឱ្យកូននៅស្ងៀម ឬឈប់យំ បើទោះជាការប្រើប្រាស់នេះរយៈពេលខ្លីក៏ដោយ ព្រោះការប្រើប្រាស់ទូរស័ព្ទដៃទំនើបអាចឱ្យកូននៅស្ងៀមក៏ពិតមែន ប៉ុន្តែវានឹងផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពកូន ដោយសារមិនអាចកំណត់រយៈពេលលេង ។https://todaysparent.mblycdn.com/tp/resized/2018/01/767x431/little-boy-looking-at-phone-on-couch.jpg

លោកវេជ្ជបណ្ឌិតបន្ថែមថា អ្វីដែលឪពុក-ម្តាយ ឬអាណាព្យាបាល គួរតែយល់ដឹង គឺក្នុងអំឡុងការអភិវឌ្ឍខួរក្បាលរបស់កុមារ ចាប់តាំងពីពេលកើត រហូតដល់អាយុ៥ឆ្នាំ គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ជីវិត ។ ហេតុនេះ ឪពុក-ម្តាយគួរចៀសវាងការចិញ្ចឹមកូនដោយទូរស័ព្ទដៃ ប៉ុន្តែគួរងាកមកបង្កើតទំនាក់ទំនងក្នុងគ្រួសារវិញ ព្រោះការអភិវឌ្ឍរាងកាយ និងខួរក្បាលកុមារបានចាប់ផ្តើមពីរឿងតូចតាចដែលពួកគេបានរៀនសូត្រ ។

សរុបមក ឪពុក-ម្តាយអាចនាំកូនលេង, រៀនសូត្រ, ធ្វើអ្វីមួយរួមគ្នា ហើយកុំភ្លេចឱបកូនដើម្បីបង្ហាញក្តីស្រឡាញ់ និងភាពកក់ក្តៅក្នុងគ្រួសារផងដែរ ។ ចំណុចទាំងនេះនឹងជួយឱ្យការអភិវឌ្ឍផ្នែកផ្សេងៗរបស់កុមារបានល្អជាងវិធីផ្សេង ៕