ប្រទេសនូវែលសេឡង់ ៖ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានជួបបញ្ហាបច្ចេកទេស ពេលយន្តហោះនេះកំពុងធ្វើដំណើរចាកចេញពីទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុងអូកឡិន ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ហេតុការណ៍នេះបានធ្វើឱ្យយន្តហោះកន្ត្រាក់យ៉ាងខ្លាំង ហើយយន្តហោះបានធ្លាក់ចុះមកក្រោមបន្តិច ដែលបណ្តាលឱ្យអ្នកដំណើរខ្ទាតមកប៉ះនឹងផ្នែកខាងលើ រងរបួសជាង៥០នាក់ ។
ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កំហុសផ្នែកបច្ចេកទេសបានកើតឡើងក្នុងអំឡុងពេលយន្តហោះ Boeing Dreamliner ជើងហោះហើរលេខ LA800 កំពុងធ្វើដំណើរបណ្តាលឱ្យកើតការបម្លាស់ទីយ៉ាងខ្លាំង ។ ក្រុមហ៊ុននេះក៏បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ខុសប្រក្រតី ប៉ុន្តែពួកគេពុំបានបញ្ជាក់លម្អិតថា មានអ្វីកើតឡើងច្បាស់លាស់ទេ ។
នៅទីបំផុត ជើងហោះហើរលេខ LA800 បានធ្វើដំណើរមកដល់អាកាសយានដ្ឋាននៅទីក្រុងអូកឡិន ប្រទេសនូវែលសេឡង់ តាមការកំណត់ ។ នៅអាកាសយានដ្ឋាន មានរថយន្តពេទ្យជាច្រើនគ្រឿងបានមករង់ចាំទទួលអ្នកដំណើររងរបួសប្រមាណ៥០នាក់ រួមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះ ចំនួន៣នាក់ទៀត ។ ក្នុងចំណោមអ្នករងរបួសទាំងនេះ មានអ្នកដំណើរម្នាក់រងរបួសធ្ងន់ រីឯអ្នកដំណើរផ្សេងទៀតរងរបួសស្រាល ។/cloudfront-ap-southeast-2.images.arcpublishing.com/nzme/HNGT33NQNJAK5JHPGUSFHJKSGU.jpg)
អ្នកដំណើរជាច្រើននាក់បាននិយាយមកកាន់សារព័ត៌មាននូវែលសេឡង់ថា នៅពេលយន្តហោះកំពុងតែហោះខ្ពស់ ស្រាប់តែវាធ្លាក់ចុះមកក្រោមយ៉ាងខ្លាំង ហើយធ្វើឱ្យអ្នកដំណើរដែលមិនបានពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពខ្ទាតទៅប៉ះផ្នែកខាងលើរហូតដល់រងរបួស ។ រីឯអ្នកដំណើរផ្សេងទៀតភ័យខ្លាចយ៉ាងខ្លាំងក្រោយពីជួបហេតុការណ៍នេះ ហើយពួកគេបានផ្តាំទៅអ្នកជិះយន្តហោះថា ត្រូវតែពាក់ខ្សែក្រវ៉ាត់ជានិច្ចដើម្បីការពារសុវត្ថិភាព ពីព្រោះគ្រោះថ្នាក់ផ្សេងៗអាចកើតឡើងគ្រប់ពេលវេលា ៕










