Home ព័ត៌មានអន្តរជាតិ អាកាសយានិកដេកលក់បណ្តាលឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ

អាកាសយានិកដេកលក់បណ្តាលឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ

118
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ក្រសួងគមនាគមន៍ឥណ្ឌូណេស៊ីជូនដំណឹងថា នឹងស៊ើបអង្កេតបន្ថែមទៀតករណីអាកាសយានិក២រូប របស់ក្រុមហ៊ុនអាកាសចរណ៍ Batik Air ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lion Air Group នៅប្រទេសឥណ្ឌូណេស៊ី បានដេកលក់ក្នុងអំឡុងពេលពួកគេកំពុងបើកយន្តហោះចេញពីខេត្ត Sulawesi នៅភាគអាគ្នេយ៍ ទៅកាន់ទីក្រុងហ្សាកាតា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។

តាមការស៊ើបអង្កេតជំហានដំបូងរបស់គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិបង្ហាញថា អាកាសយានិក និងជំនួយការអាកាសយានិកបានដេកលក់ដំណាលគ្នាប្រមាណ២៨នាទី ក្នុងអំឡុងពេលពួកគេបើកយន្តហោះនៅលើអាកាស ។ ហេតុនេះ វាបានធ្វើឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ រហូតដល់ពួកគេភ្ញាក់ដឹងខ្លួន និងបញ្ជាឱ្យយន្តហោះធ្វើដំណើរទៅកាន់គោលដៅឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixnglkQzqs4byox_y4_z4bfdHFwbpuNg-w56dQEyIGZGfzEVcnowshyphenhyphenNhAbsS4vhuCLMTmCoxemw7UwEijP7jGb0ZOTWz_jMha9D5dsAAKOUjHUt9XodpwirxHQ8bIK094Jq_C5J7ISmgtXpu1piPcuYoUxVkNuilT_FYhqjPHpQFwoCmiKyjP4m6r9iE/s1024/-1x-1.jpg

ទោះយ៉ាងណា អ្នកដំណើរនៅយន្តហោះចំនួន១៥៣នាក់ រួមទាំងបុគ្គលិកបម្រើការលើយន្តហោះ៤នាក់ទៀតគ្មានគ្រោះថ្នាក់ទេ សម្រាប់ការធ្វើដំណើរតាមយន្តហោះនេះ ដែលមានរយៈពេល២ម៉ោងនិង៣៥នាទី ។

បើតាមរបាយការណ៍ដំបូងរបស់គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិបញ្ជាក់ថា ជំនួយការអាកាសយានិកពុំបានសម្រាកគ្រប់គ្រាន់ទេ នៅយប់មុនពេលបើកយន្តហោះ ដោយសារជំនួយការអាកាសយានិករូបនេះមានកូនភ្លោះអាយុ១ខែ ហើយរូបគេបានជួយមើលកូនជាមួយភរិយានៅផ្ទះ ។

បន្ទាប់ពីយន្តហោះធ្វើដំណើរបានប្រមាណកន្លះម៉ោង អាកាសយានិកក៏បានប្រាប់ទៅជំនួយការថា សុំសម្រាកបន្តិច ហើយជំនួយការអាកាសយានិកក៏យល់ព្រមជួយបើកយន្តហោះបន្ត ។ ចំណែកភ្នាក់ងារគ្រប់គ្រងតំបន់ប្រចាំទីក្រុងហ្សាកាតា បានព្យាយាមទាក់ទងទៅកាន់អាកាសយានិកទាំង២រូប ប៉ុន្តែពុំទទួលបានការឆ្លើយតបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGIEievDNH_UQARvRGkJR-2WAvrKcpEis4QgVaeS3UfEmsIlss6vkETI39ibOvsijGf__zjAP3f06ixsYVPbq4T9ncLky5ffz86KBYUUJN0Ieq36DbzO7CoVuVtwlSwPEs80IhNTL1If3cd-jq_7mXECt3QXalZ_Xrg0qXsXedA1vZlBIL2I2Fpl33CCQ/s959/-1x-1.png

ពេលវេលាបានកន្លងផុតទៅ២៨នាទី អាកាសយានិកក៏បានភ្ញាក់ដឹងខ្លួនឡើងវិញ និងដឹងថា ជំនួយការអាកាសយានិកដេកលក់ដែរ ហើយធ្វើឱ្យយន្តហោះធ្វើដំណើរខុសគោលដៅ ។ ហេតុនេះ អាកាសយានិកក៏បានដាស់មិត្តរួមការងារឱ្យភ្ញាក់ និងឆ្លើយតបទូរស័ព្ទពីទីក្រុងហ្សាកាតា ដែលបានព្យាយាមទំនាក់ទំនងមកពួកគេជាច្រើនលើក ។ ភ្លាមនោះ ពួកគេក៏បានជួយដោះស្រាយឱ្យយន្តហោះធ្វើដំណើរត្រឹមត្រូវតាមគោលដៅវិញ នៅទីបំផុត យន្តហោះនេះក៏បានចុះចតដោយសុវត្ថិភាព ។

ភ្នាក់ងារស៊ើបអង្កេតពុំបានបង្ហាញពីអត្តសញ្ញាណអាកាសយានិកទេ គ្រាន់តែបញ្ជាក់ថា អាកាសយានិកទាំង២រូប គឺជាជនជាតិឥណ្ឌូណេស៊ី ក្នុងនោះម្នាក់អាយុ៣២ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ ។ បច្ចុប្បន្ន អាកាសយានិកទាំង២រូប ត្រូវបានគេបញ្ជាឱ្យសម្រាកពីការងារជាបណ្តោះអាសន្ន ។

លោក Kritsati Endah Murni មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសឥណ្ឌូណេស៊ីលើកឡើងថា ក្រសួងគមនាគមន៍បានថ្កោលទោសក្រុមហ៊ុនអាកាសចរណ៍ Batik Air យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងអំពាវនាវឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតយកចិត្តទុកដាក់លើពេលសម្រាករបស់បុគ្គលិកហោះហើរឱ្យបានច្រើន ។

មន្ត្រីក្រសួងគមនាគមន៍លើកឡើងថា ពួកគេនឹងបន្តការស៊ើបអង្កេត និងពិនិត្យឡើងវិញសម្រាប់ជើងហោះហើរពេលយប់របស់ក្រុមហ៊ុន Batik Air រួមទាំងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅប្រទេសឥណ្ឌូណេស៊ី ៕https://www.washingtonpost.com/resizer/R34xcFTyRgtC_4mnvt8KRsWk480=/arc-anglerfish-washpost-prod-washpost/public/5THZ2AMZD5DSWTFYJQOBGA54OQ.jpg