ទំនប់អាងស្ទឹងឃ្លៀច ដែលស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងត្រូវសាងសង់ឡើងនៅពេលខាងមុខ ដើម្បីស្តុកទឹកទុក និងកាត់បន្ថយគ្រោះទឹកជំនន់ក្នុងស្ទឹងព្រែកត្នោត ដែលតែងកើតមានឡើងជារៀងរាល់ឆ្នាំ។
គម្រោងទំនប់អាងស្តុកទឹកនេះ នឹងចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រោយការសាងសង់រួច ទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច អាចរក្សាទឹកទុកបានប្រមាណ ១២០លានម៉ែត្រត្រីគុណ ជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតទៅផ្នែកខាងក្រោមនៃស្ទឹង ផ្តល់ទឹកបន្ថែមសម្រាប់ការស្រោចស្រពស្រូវវស្សាប្រមាណ ៣៥០០០ហិកតា និងស្រូវប្រាំងប្រមាណ ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនចំនួន ៥០០០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ផងដែរ។
គម្រោងសាងសង់ទំនប់អាងស្ទឹងឃ្លៀចនេះ ត្រូវបានគេរំពឹងថា៖”នៅថ្ងៃអនាគតខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តដែលស្ថិតនៅតាមសណ្តស្ទឹងព្រែកត្នោត ពិសេសរាជធានីភ្នំពេញ នឹងលែងទទួលរងគ្រោះទឹកជំនន់ដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺទៀតហើយ នៅពេលស្ទឹងឃ្លៀចនេះសាងសង់រួចរាល់។ ជាមួយនោះក៏ស្របពេលដែលគម្រោងថ្នាក់ជាតិ បាននិងកំពុងពន្លឿនការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក បញ្ជៀសពីការលិចលង់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ”៕










