ប្រទេសម៉ាឡេស៊ី ៖ កាលពីឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកប្រទេសម៉ាឡេស៊ី ជិតស្មើ២៩លាននាក់ ហើយធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសគោលដៅទេសចរណ៍ដ៏ពេញនិយម ស្ថិតក្នុងលំដាប់ទី១ នៅតំបន់អាស៊ីអាគ្នេយ៍ និងវ៉ាដាច់ប្រទេសថៃផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ឈ្មោះ AEC Connect កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។
យោងតាមគេហទំព័រឈ្មោះ Focus Malaysia បញ្ជាក់ថា ពលរដ្ឋសិង្ហបុរីបានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីច្រើនបំផុត គឺស្មើនឹង៨លាន៣សែននាក់ បន្ទាប់មក គឺពលរដ្ឋឥណ្ឌូណេស៊ី, ថៃ, ចិន និងព្រុយណេ ។
ចំណែកប្រទេសថៃ គឺជាគោលដៅទេសចរណ៍ពេញនិយម ស្ថិតក្នុងលំដាប់ទី២ និងទទួលបានភ្ញៀវទេសចរសរុបចំនួន២៨លាននាក់ ។ ចំណែកប្រទេសសិង្ហបុរី ជាប់លំដាប់ទី៣ ដែលទទួលបានភ្ញៀវទេសចរសរុបចំនួន១៣លាន៦សែននាក់ ។
ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរបរទេស ដោយបានកំណត់វិធានការផ្សេងៗតាំងពីចុងឆ្នាំ២០២៣ ដូចជា ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យភ្ញៀវទេសចរចិន និងឥណ្ឌា អាចចូលមកម៉ាឡេស៊ី និងស្នាក់នៅរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ ។ វាជាវិធានការស្រដៀងគ្នាជាមួយប្រទេសថៃដែរ ។
ចំណែកប្រទេសវៀតណាម គិតចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ បានអនុម័តទិដ្ឋាការទេសចរណ៍រយៈពេល៣ខែ សម្រាប់ភ្ញៀវទេសចរគ្រប់ប្រទេស ។ វៀតណាមបានបង្កើនរយៈពេលស្នាក់នៅក្នុងប្រទេសរយៈពេល៤៥ថ្ងៃ សម្រាប់ភ្ញៀវទេសចរមកពី១៣ប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការពីវៀតណាមតែម្ខាង ។
នៅពេលប្រទេសនីមួយៗប្រកួតប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តក្នុងប្រទេសរបស់ខ្លួន បានធ្វើឱ្យលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាទៅក្រសួងនានាឱ្យពិចារណាលើវិធានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ដើម្បីឱ្យសមស្របនឹងកិច្ចសហការទ្វេភាគី ។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ចំនួនភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមមាន ៖
១-ម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរ ២៩លាននាក់
២-ថៃ ទទួលបានភ្ញៀវទេសចរ ២៨លាននាក់
៣-សិង្ហបុរី ទទួលបានភ្ញៀវទេសចរ ១៣លាន៦សែននាក់
៤-វៀតណាម ទទួលបានភ្ញៀវទេសចរ ១២លាន៦សែននាក់ និង
៥-ឥណ្ឌូណេស៊ី ទទួលបានភ្ញៀវទេសចរ ១១លាន៧សែននាក់ ៕










