ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជប៉ុនឈ្មោះ Uber Eats បានចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមតំបន់តូចៗក្នុងទីក្រុងតូក្យូ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងអាចពង្រីកតំបន់ចែកចាយអាហារនៅទូទាំងប្រទេសជប៉ុន ។ គ្រឿងយន្តនេះអាចធ្វើដំណើរតាមដងផ្លូវនានាដើម្បីដឹកជញ្ជូនអាហារឱ្យអតិថិជន ហើយវាអាចដើរគេចពីមនុស្ស ឬវត្ថុនៅបាំងមុខបាន ។
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ជប៉ុនបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ហើយជប៉ុនបានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ កាលពីឆ្នាំ២០២៣ ដើម្បីជួយឱ្យគ្រឿងយន្តដឹកជញ្ជូនអាហារអាចធ្វើដំណើរនៅតាមផ្លូវសាធារណៈបាន ។ ក្រោយពីជប៉ុនធ្វើវិសោធនកម្មច្បាប់ចរាចរណ៍រួចមក ក្រុមហ៊ុនជាច្រើនបានសាកល្បងប្រើប្រាស់គ្រឿងយន្តតូចៗ និងមានរូបរាងគួរឱ្យស្រឡាញ់សម្រាប់ដឹកអាហារ និងទំនិញផ្សេងៗឱ្យអតិថិជន ។
ក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន Uber Eats បានផលិតគ្រឿងយន្ត Uber Eats មានរូបរាងស្អាត, មានចង្កៀងមុខរាង៤ជ្រុង ដូចកែវភ្នែកមនុស្ស និងមានកង់សរុបចំនួន៦ សម្រាប់ដឹកអាហារនៅតាមដងផ្លូវ ។ គ្រឿងយន្តនេះអាចគណនាប្រវែងផ្លូវដោយខ្លួនវា តាមរយៈការប្រើប្រាស់ Sensor ដើម្បីគេចពីមនុស្សដើរនៅតាមផ្លូវ និងគេចពីវត្ថុនៅបាំងផ្លូវផ្សេងៗ ។
គ្រឿងយន្តដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Uber Eats បានបម្លាស់ទីក្នុងល្បឿនលឿនបំផុត ស្មើនឹង៥.៤គីឡូម៉ែត្រក្នុង១ម៉ោង ។ លើសពីនេះ ក្រុមហ៊ុនបានបំពាក់នូវអំពូលភ្លើងតូចៗនៅជុំវិញគំរបរបស់វា និងមានមនុស្សបញ្ជាផងដែរក្នុងករណីមានបញ្ហាកើតឡើង ។
លោក Alvin U ប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Uber Eats ប្រទេសជប៉ុន និយាយថា ជំហានដំបូង ក្រុមហ៊ុននឹងកំណត់តំបន់ផ្តល់សេវាកម្មដឹកអាហារតាមគ្រឿងយន្ត ហើយអ្នកប្រើប្រាស់កម្មវិធីដឹកអាហារតាមគ្រឿងយន្ត ពួកគេត្រូវចេញមករង់ចាំនៅខាងក្រៅផ្ទះ ឬអគារ រហូតដល់គ្រឿងយន្តមកដល់ ។ ប៉ុន្តែនៅថ្ងៃអនាគត គ្រឿងយន្តនេះនឹងអាចធ្វើដំណើរទៅដល់មុខទ្វារការិយាល័យ, អាផាតមិន ឬមុខបន្ទប់អគារខ្ពស់ៗ រហូតដល់ផ្តល់សេវាកម្មនៅតាមតំបន់ជនបទទៀតផង ។
លោក Alvin U ប្រធានគ្រប់គ្រងទីផ្សារនិយាយថា ៖ «ភ្នាក់ងារដឹកអាហារបច្ចុប្បន្ននេះ ពុំចាំបាច់បារម្ភពីការបាត់បង់ការងារទេ ពីព្រោះរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៀត នឹងមានការងារផ្នែកដឹកជញ្ជូនទំនិញសម្រាប់មនុស្សក្នុងកម្មវិធីរបស់ក្រុមហ៊ុន Uber Eats ជានិច្ច» ។
បច្ចុប្បន្ន អតិថិជនប្រើប្រាស់កម្មវិធី Uber Eats នៅប្រទេសជប៉ុន ពុំអាចជ្រើសរើសសេវាកម្មគ្រឿងយន្តដឹកជញ្ជូនអាហារបានទេ ប៉ុន្តែប្រសិនបើទទួលបានសិទ្ធិ គឺពួកគេអាចទទួល ឬបដិសេធសេវាកម្មនេះតាមតម្រូវការ ៕










