ប្រទេសជប៉ុន ៖ សារព័ត៌មានស៊ិនហួររាយការណ៍ថា អាជ្ញាធរខេត្តយ៉ាម៉ាណាស៊ី ដែលស្ថិតនៅខាងលិចទីក្រុងតូក្យូ បានកំណត់គោលការណ៍ប្រមូលថ្លៃសេវាឡើងភ្នំហ្វូជិ (Fuji) ពីភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវពេញនិយមបំផុត ចំនួន២.០០០យេនក្នុងម្នាក់ (ឬស្មើប្រមាណ១៤ដុល្លារអាមេរិក) ។ ការប្រមូលថ្លៃសេវាពីភ្ញៀវទេសចរនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដែលជារដូវកាលឡើងភ្នំហ្វូជិ នៅឆ្នាំ២០២៤ ។![]()
អាជ្ញាធរខេត្តយ៉ាម៉ាណាស៊ី លើកឡើងថា ពួកគេនឹងរៀបចំទីតាំងឱ្យភ្ញៀវទេសចរទាំងអស់បង់ប្រាក់ បើពួកគេចង់ឡើងទៅកម្សាន្តនៅលើភ្នំហ្វូជិ ។ ចំណែកមូលហេតុដែលអាជ្ញាធរជប៉ុនប្រមូលថ្លៃសេវាឡើងភ្នំ គឺក្នុងគោលបំណងកាត់បន្ថយការកកស្ទះដោយសារចំនួនភ្ញៀវទេសចរនៅលើភ្នំច្រើនលើសលប់ ហើយអាជ្ញាធរនឹងយកប្រាក់ទាំងនេះបង្កើតវិធានការគាំទ្រសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។
ក្រុមអ្នកឡើងភ្នំទាំងអស់ នឹងត្រូវបង់ប្រាក់ខ្ពស់រហូតដល់៣.០០០យេនក្នុង១លើក (ឬស្មើប្រមាណ២១ដុល្លារអាមេរិក) រួមទាំងថ្លៃសេវាតាមការស្ម័គ្រចិត្ត ចំនួន១.០០០យេន (ឬស្មើប្រមាណ៦ដុល្លារអាមេរិក) នាពេលបច្ចុប្បន្ន សម្រាប់ថ្លៃការពារ និងថែរក្សាភ្នំហ្វូជិ ផងដែរ ។
រដូវកាលឡើងភ្នំហ្វូជិ គឺរហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ ហើយភ្ញៀវទេសចរអាចមកបង់ប្រាក់នៅតាមទីតាំងបង់ប្រាក់ដែលធ្វើការជារៀងរាល់ថ្ងៃ ។ អាជ្ញាធរនឹងកំណត់ចំនួនភ្ញៀវទេសចរឡើងលើភ្នំ ប្រសិនបើមានអ្នកឡើងភ្នំច្រើនជាង៤.០០០នាក់ក្នុង១ថ្ងៃ ។ ប៉ុន្តែនឹងមានករណីលើកលែងផងដែរ ជាពិសេស សម្រាប់អ្នកដែលបានកក់តូបស្បូវសម្រាកនៅលើភ្នំ ។
ការប្រកាសប្រមូលថ្លៃសេវាឡើងភ្នំពីភ្ញៀវទេសចរ ដោយសារបច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនព្រួយបារម្ភថា ភ្ញៀវទេសចរអាចឡើងភ្នំគ្មានសុវត្ថិភាព ដូចជា ៖ ពួកគេបានឡើងទៅដល់គោលដៅកំពូលភ្នំតែម្តង ដោយគ្មានការឈប់សម្រាកនៅតាមផ្លូវ (Bullet Climbing) ។
ភ្នំហ្វូជិ គឺជាភ្នំខ្ពស់បំផុតនៅប្រទេសជប៉ុន វាមានកម្ពស់៣.៧៧៦ម៉ែត្រ ។ ភ្នំហ្វូជិ ស្ថិតនៅក្នុងចន្លោះខេត្តយ៉ាម៉ាណាស៊ី និងខេត្តស៊ីហ្ស៊ូអូកា ត្រូវបានចាត់ទុកថា គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ។ អាជ្ញាធរជប៉ុននឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងកម្សាន្តលើភ្នំនេះ ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ៕










