ពិតណាស់ ជាទូទៅកាសែតភាគច្រើនគឺមានការបោះពុម្ពជារៀងរាល់ថ្ងៃ ដោយចេញផ្សាយនូវព័ត៌មាន ឬព្រឹត្តិការណ៍កើតឡើងផ្សេងៗជាប្រចាំតាមរយៈការចែកចាយផ្ទាល់ ឬតាមបណ្តាញសង្គមនានា។ ទោះជាយ៉ាងណាបើយោងតាម AP កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍រឿងចម្លែកមួយអំពីកាសែតរបស់ស្ថាប័នបារាំងមួយឈ្មោះថា La Bougie du Sapeur ដែលរឿងចម្លែកនោះគឺថាកាសែតនេះបោះពុម្ពចេញផ្សាយព័ត៌មានតែនៅថ្ងៃទី ២៩ ខែកុម្ភៈប៉ុណ្ណោះ ពោលគឺវានឹងបោះពុម្ពរៀងរាល់ ៤ ឆ្នាំម្តង ដែលជាការបោះពុម្ភផ្សាយតែឆ្នាំបង្គ្រប់ប៉ុណ្ណោះ។
កាសែតបារាំងដ៏ចម្លែកនេះ ភាគច្រើនចេញផ្សាយតែព័ត៌មានដែលពោរពេញទៅដោយពាក្យចចាមអារ៉ាម និងអត្ថាធិប្បាយអំពីព្រឹត្តិការណ៍ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ ការបោះពុម្ពឆ្នាំ ២០២៤ នៃកាសែតនេះបានរួមបញ្ចូលអត្ថបទមួយដែលបង្ហាញថាប្រទេសបារាំងមិនត្រូវការសាលារៀនទៀតទេ ដោយសារបញ្ញាសិប្បនិម្មិត។ មួយវិញទៀតគឺថាបារាំងនឹងធ្វើការរុះរើ Eiffel Tower ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស ដើម្បីកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ ហើយអនុញ្ញាតឱ្យ IKEA ជួយរៀបចំវាឡើងវិញ។
ការអត្ថាធិប្បាយរបស់កាសែតនេះបានធ្វើឱ្យមនុស្សភាគច្រើនហួសចិត្ត និងអស់សំណើចជាខ្លាំងអំពីការសរសេរមាតិការប្លែកៗទាំងនេះ ទោះជាយ៉ាងណាក៏ដោយ កាសែតនេះមិនមែនជាកាសែតធ្ងន់ធ្ងរទេ។ ក្រុមហ៊ុនកាសែតបារាំង La Bougie du Sapeur បានបង្កើតឡើងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៨០ ដោយកើតឡើងពីក្រុមមិត្តភ័ក្តិដែលសប្បាយរីករាយជាមួយគ្នាហើយពួកគេក៏ចាប់ផ្តើមមានគំនិតចង់បង្កើតកាសែតមួយដែលនិយាយអំពីរឿងកំប្លែង ឬសរុបព្រឹត្តិការណ៍ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកដើម្បីចុះផ្សាយរៀងរាល់ ៤ ឆ្នាំម្តងនិងចំតែថ្ងៃទី២៩ ខែកុម្ភៈប៉ុណ្ណោះ ក្នុងគោលបំណងធ្វើឱ្យប្លែកពីគេ។
និពន្ធនាយកបាននិយាយថា អត្ថបទជាច្រើនប្រហែលជាមិនពិត ហើយវាជាព័ត៌មានចាស់ៗ ប៉ុន្តែនោះជាគោលបំណងរបស់កាសែតនេះដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។ សម្រាប់ការបោះពុម្ពមុនៗ ឬកាលពីបួនឆ្នាំមុន ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃ COVID-19 កាសែត La Bougie du Sapeur លក់បាន ១២០,០០០ ច្បាប់ ហើយ ប្រាក់ចំណូលដែលរកបាននោះ បានបរិច្ចាគដល់អង្គការសប្បុរសធម៌សម្រាប់អ្នកដែលមានបញ្ហាក្នុងការអភិវឌ្ឍន៍ រួមទាំងជំងឺអូទីសឹមផងដែរ៕










