បរទេស៖ អត្តពលិកជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Trung Cuong បានចូលរួមក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្តពីខេត្ត Hai Duong ទីខេត្ត Kiep Bac ក្នុងប្រទេសវៀតណាម ប៉ុន្តែស្រាប់តែជួបឧប្បត្តិហេតុដ៏កម្រមួយដោយត្រូវឆ្កែដេញខាំនៅតាមផ្លូវ ធ្វើឱ្យគាត់ព្យាយាមរត់យ៉ាងលឿនរហូតទទួលបានជ័យជំនះលេខ ១ ក្នុងការរត់ប្រណាំងនេះ។
បើយោងតាមសារព័ត៌មានបរទេសមួយ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា អត្តពលិកអាជីពម្នាក់ឈ្មោះ Nguyen Trung Cuong អាយុ ២៤ឆ្នាំ បានចូលរួមក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្តចម្ងាយ ១៥ គីឡូម៉ែត្រ ដែលគាត់បានបញ្ចប់ជាលើកដំបូងជាមួយនឹងកំណត់ត្រា ៤៧ នាទីនិង ៣៨ វិនាទី។ ក្នុងការប្រកួតនោះមានអ្នករត់ប្រណាំងអាជីពជាង ៨៥០ នាក់ចូលរួមប្រកួតប្រជែងក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ១៥ គីឡូម៉ែត្រ រួមទាំងកីឡាករជម្រើសជាតិជាច្រើនផងដែរ។
ខណៈពេលដែល Trung Cuong បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសា ១៥ គីឡូម៉ែត្រ ក្លាយជាជើងឯករត់ប្រណាំងក្នុងការប្រកួតវិញ្ញាសារត់ឆ្លងខេត្ត លោក Trung Cuong បាននិយាយថា គាត់បានជួបប្រទះបញ្ហាប្រឈមមួយក្នុងអំឡុងពេលប្រកួត ដោយត្រូវឆ្កែមួយក្បាលដេញខាំគាត់នៅតាមផ្លូវ ធ្វើឱ្យគាត់ត្រូវបង្កើនល្បឿន និងភ័យខ្លាចយ៉ាងខ្លាំងដើម្បីរត់ចេញពីចង្កូមដ៏មុតស្រួចរបស់ឆ្កែ រហូតដល់គាត់ឆ្លងកាត់ខ្សែបន្ទាត់ទីបញ្ចប់ និងទទួលបានជ័យជំនះនេះ។
អត្តពលិករូបនេះបានបន្តទៀតថា ផ្លូវឡើងភ្នំនេះស្អាតណាស់ ប៉ុន្តែខ្ញុំមានបញ្ហាបន្តិច ដោយសារត្រូវឆ្កែដេញតាម តែក៏អរគុណដែរ ដែលធ្វើឱ្យខ្ញុំបានឈានដល់ទីបញ្ចប់ជាមួយនឹងកំណត់ត្រា ៤៧ នាទីនិង ៣៨ វិនាទីសម្រាប់ចម្ងាយ ១៥ គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការបង្ហោះវីដេអូតាមអ៊ីនធឺណិត អ្នកនិពន្ធអត្ថបទម្នាក់បានអត្ថាធិប្បាយថា អត្តពលិកនេះឈ្នះដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់គាត់ និងជំនួយរបស់ឆ្កែផងដែរ ទើបគាត់អាចយកឈ្នះនឹងការប្រកួតឆ្លងខេត្តនេះបាន។
គួរបញ្ជាក់ដែរថា កន្លងមកមានករណីមួយចំនួនដែលអត្តពលិកត្រូវឆ្កែដេញតាមពេលចូលរួមក្នុងព្រឹត្តិការណ៍រត់។ កាលពីឆ្នាំមុន អត្តពលិកកេនយ៉ាម្នាក់ឈ្មោះ Robert Kimutai Ngeno បានជួបប្រទះឧបទ្ទវហេតុស្រដៀងគ្នានេះ ខណៈពេលដែលចូលរួមក្នុងការប្រកួតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ពេលនោះ Ngeno កំពុងនាំមុខគេ ប៉ុន្តែស្រាប់តែត្រូវឆ្កែដេញតាមផ្លូវ ដែលធ្វើឱ្យគាត់ត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគេចចេញពីឆ្កែ។ ទោះជាយ៉ាងណា ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់ចិត្តគាត់ ដូច្នេះនៅទីបញ្ចប់គាត់បានត្រឹមលេខ ៣ ប៉ុណ្ណោះ៕










